(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស ) បានរៀបចំពិធីសំណេះសំណាល ក្រុមការងារគ្រូពេទ្យស្ម័គចិត្តលោក ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មីប្រចាំសាកលវិទ្យាល័យ ដែលធ្វើឡើងក្រោមអធិបតីភាពលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា, ជាប្រធានប្រតិបត្តិក្រុមការងារគ្រូ ពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងតំណាងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។
ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់លោក សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល ជាសាកលវិទ្យាធិការនៃស.វ.ស, ថ្នាក់ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី, ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ស.វ.ស, ព្រមទាំងសមាជិក សមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសរុបជិត៤០០នាក់ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅស.វ.ស។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងថា ពិធីសំណេះសំណាលនាថ្ងៃនេះ គឺជាលើកទី៤ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ក្នុងពិធីសំណេះសំណាលទាំង៣លើកកន្លងទៅមានមន្ត្រីរាជការ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសរុបចំនួន ១,០៤៥នាក់ (ស្ត្រីចំនួន៧០១នាក់) បានចូលរួម។
លោកសាស្រ្តាចារ្យបានបន្ដថា ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានផ្តល់ឱកាសដល់និស្សិត ស.វ.ស បានទទួលការរៀនសូត្របន្ថែម អនុវត្តផ្ទាល់នៅមូលដ្ឋាន និងបានឱកាសចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ដែលជាកត្តាដ៏សំខាន់នាំឱ្យមានកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល អណត្ដិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។
លោកសាស្រ្តាចារ្យ បានគូសរម្លឹកថា «កាយវិការមនុស្សធម៌ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មិនដែលទុកប្រជាពលរដ្ឋឲ្យហែលឆ្លងការលំបាក បានក្លាយថ្នាលគំរូបណ្តុះស្មារតីមនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈ សម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងក្លាយជាអ្នកផ្តល់សេវាក្នុងវិស័យសុខាភិបាលនាពេលអនាគត ដែលលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពង្រឹងលើការបណ្តុះបណ្តាល ដោយបញ្ជ្រាប ការបណ្តុះស្មារតី មនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈ នេះផងដែរ»។
គួរបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី តែងផ្តល់ឱកាសដល់មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។
តាមរយៈការផ្តល់ឱកាសដ៏ថ្លៃថ្លានេះ មន្ត្រី បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ២,៣៤៨នាក់ បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក ក្រុមការងារគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុន ម៉ានី និង បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃបានចំនួន១៤លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុបចំនួន ១០,៨៦១៧នាក់ គិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ។
លោក លេង ផាលី បានថ្លែងឱ្យដឹងផងដែរថា ក្នុងនាមជានីតិបុគ្គលនៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពីស្មារតី ២ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។
លោកបន្ដថា ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន គឺស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ៕