ក្រោយទិញយន្តហោះពី Aribus និង Boeing ២០០ គ្រឿង ឥឡូវនេះអ៊ីរ៉ង់ងាកមកទិញ យន្តហោះរបស់ ក្រុមហ៊ុនជប៉ុន Mitsubishi ចំនួន ២៥គ្រឿង បន្ថែមទៀត
20-09-2016 17:56
(តេហេរ៉ង់)៖ អ៊ីរ៉ង់កំពុងតែធ្វើការចរចាជាមួយក្រុមហ៊ុន Mitshubishi របស់ប្រទេសជប៉ុន ដើម្បីទិញយន្តហោះ ដឹកអ្នកដំណើរបន្ថែមទៀត បន្ទាប់ពីបានទិញយន្តហោះពី Airbus និង Boeing ចំនួន២០០គ្រឿង ដែលមានតម្លៃសរុប ៥០ពាន់លានដុល្លារ ក្នុងគោលបំណងរៀបចំកែលម្អយន្តហោះ ដឹកអ្នកដំណើរចាស់ៗ របស់ខ្លួន។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។
អនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទប្រទេសអ៊ីរ៉ង់ បាននិយាយថា «យន្តហោះមួយចំនួន នឹងត្រូវបានដឹកជញ្ជូនមកកាន់ប្រទេសអ៊ីរ៉ង់នៅពេលអនាគត ពីក្រុមហ៊ុន Mitshubishi របស់ប្រទេសជប៉ុន» ដោយក្រុមហ៊ុនអាកាសចរណ៍ Aseman Airlines របស់ប្រទេសអ៊ីរ៉ង់ គ្រោងនឹងទិញយន្តហោះដឹកអ្នកដំណើរ ពីក្រុមហ៊ុន Mitshubishi ដើម្បីយកមកបម្រើជើងហោះហើរ នៅក្នុងស្រុក។
ដោយឡែក ប្រទេសអ៊ីរ៉ង់ក៏កំពុងតែធ្វើការចរចាជាមួយ ក្រុមហ៊ុន Bombardier របស់ប្រទេសកាណាដា និងក្រុមហ៊ុន Embraer របស់ប្រេស៊ីល ដើម្បីទិញយន្តហោះដឹកអ្នកដំណើរ បន្ថែមលើសពីនេះទៀតផងដែរ៕