អភិបាលខេត្តកណ្តាល៖ ពុំមានការបិទទីងមោង មិនឱ្យសម្តែងនោះទេ និងស្នើសុំរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ រក្សាបានគុណតម្លៃសិល្បៈវប្បធម៌ខ្មែរ
12-07-2024 07:44
(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកអះអាងថា អាជ្ញាធរមិនមានបិទ មិនឱ្យសម្តែងទីងមោងទេ។
ជាមួយគ្នានេះ លោកអភិបាល បានស្នើរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ រក្សាបានគុណតម្លៃសិល្បៈវប្បធម៌ខ្មែរ។
លោក គួច ចំរើន បានសរសេរលើ Facebook របស់លោកថា «ខ្ញុំបានឃើញការផ្សព្វផ្សាយ អំពីទីងមោង ថាត្រូវបានបិទ។ ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំអោយរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង។ ខ្ញុំនឹងជួបជាមួយបងប្អូនផ្ទាល់នៅពេលខាងមុខ»។
សូមជម្រាបថា ប៉ុន្មានថ្ងៃនេះមានការផ្ទុះនូវការផ្សព្វផ្សាយលើបណ្តាញសង្គមថា មានការណែនាំឱ្យបិទការសម្តែងទីងមោងរបស់បងប្អូន នៅខេត្តកណ្តាល ទើបធ្វើឱ្យមហាជនមានការងឿងឆ្ងល់ តែពេលនេះអភិបាលខេត្ត បានចេញមកបញ្ជាក់ហើយថា គ្មានការបិទទេ៕