(ភ្នំពេញ)៖ លោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា ដើម្បីឲ្យការគ្រប់គ្រងវិស័យធនធានរ៉ែ និងប្រេងកាតឱ្យបានល្អ តម្រូវឲ្យការចូលរួមពីតួអង្គ៣សំខាន់ៗ រួមមានរាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជនផ្នែកឧស្សាហកម្ម និងសង្គមស៊ីវិល ហើយដើម្បីឲ្យតួអង្គទាំង៣ អាចបំពេញឲ្យគ្នាទៅវិញទៅមក ទាល់តែតួរអង្គទាំង៣មានសមត្ថភាព។
លោករដ្ឋលេខធិការ ថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងសិក្ខាសាលាមួយស្ដីពី «គោលនយោបាយ ចក្ខុវិស័យ និងសកម្មភាព របស់ក្រសួងរ៉ែ និងថាមពល ដោយផ្ដោតលើវិស័យរ៉ែ» ដើម្បីបញ្ជ្រាបការយល់ដឹង ដល់សាធារណជនជាពិសេសយុវជន ជានិសិ្សត និងបណ្ដាលសង្គមស៊ីវិលពាកព័ន្ធ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ជាផ្នែកមួយក្នុងការអនុវត្តផែនការយុទ្ធសាស្ដ្រថ្មីមួយ ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អមួយ សម្រាប់ការគ្រប់គ្រងវិស័យធនធានរ៉ែ និងប្រេងកាត ដែលក្រមខណ្ឌយុទ្ធសាស្ដ្រអភិបាលកិច្ចថ្មីហ្នឹង តម្រូវឲ្យមានការចូលរួមពីតួអង្គ៣សំខាន់ៗ គឺតួអង្គរាជរដ្ឋាភិបាល តួអង្គក្រុមហ៊ុនវិស័យឯកជនវិស័យផ្នែកឧស្សាហកម្ម និងតួអង្គខាងសង្គមស៊ីវិល ដើម្បីឲ្យតួអង្គទាំង៣អាចបំពេញឲ្យគ្នាទៅវិញទៅមកបានល្អ ទាល់តែតួអង្គទាំង៣មានសមត្ថភាព ហើយទទួលបានព័ត៌មានសមស្រប»។
ជាងនេះទៅទៀត លោក ម៉េង សក្ដិធារ៉ា បានជឿជាក់ថា តួអង្គទាំង៣ នឹងអាចចូលរួមការយ៉ាងសកម្មក្នុងការជំរុញឲ្យមានអភិបាលកិច្ចល្អ ជាពិសេសខាងសហគមន៍ អង្គការសង្គមស៊ីវិល ដែលពួកគេទទួលបានព័ត៌មានពេញលេញ និងមានសមត្ថភាពកាន់តែខ្ពស់ ធ្វើឲ្យពួកគាត់អាចប្រឡូកក្នុងការងារនេះបានច្រើន។
ជាមួយគ្នានោះ លោករដ្ឋលេខាធិការ ក៏បានរំលឹកថា កាលពី២ឆ្នាំកន្លងទៅនេះ អង្គការ JICA បានជួយដល់សាលាតិចណូ ក្នុងការបង្កើតមហាវិទ្យាល័យ រ៉ែ និងថាមពល ផងដែរ៕