(ស្ទឹងត្រែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកានតំណែងអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។
លោក សរ សុពុត្រា បានប្ដេជ្ញានឹងខិតខំយកអស់កម្លាំងកាយចិត្តស្មារតីក្នុងការដឹកនាំខេត្តស្ទឹងត្រែងឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋ។
លោកអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរក្សាបាននូវការអភិវឌ្ឍ គឺទាមទារឲ្យថ្នាក់ដឹកនាំអាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមពង្រឹងបង្ក្រាប ការជួញដូរចែកចាយរគ្រឿងញៀន បង្ក្រាបបទល្មើសការជួញដូរស្ត្រីនិងកុមារ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនរក្សាសន្តិសុខភូមិឃុំសង្កាត់មានសុវត្ថិភាព និងជំរុញផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីទទួលសេវាមានភាពងាយស្រួលលឿនទៅតាមតម្រូវការ ជាពិសេសការធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានទាន់ពេល។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តណែនាំឱ្យអភិបាលខេត្តថ្មីត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្រុមក្មេងទំនើង អនុវត្តច្បាប់ឲ្យតឹងរឹង សំដៅឲ្យពួកគេគោរពច្បាប់ ខ្លាចច្បាប់ បង្ក្រាបក្រុមល្បែងស៊ីសង។
ហាមដាច់ខាតការស្នើសុំលើកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលនាំឱ្យក្រុមយុវជន ជាសិស្សសាលា ភ្លេចការរៀនសូត្រ និងបំផ្លាញទ្រព្យសម្បត្តិក្រុមគ្រួសារ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។
អភិបាលខេត្តទើបកាន់តំណែងថ្មី ត្រូវបន្តការដឹកនាំប្រកបដោយការអភិវឌ្ឍ និងធ្វើយ៉ាងណាឱ្យពលរដ្ឋ មានជំនឿចិត្ត កុំធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុងរដ្ឋបាលខេត្តទាំងមូលធ្វើយ៉ាងណាត្រូវមានការសហការគ្នាឱ្យបានរលូន៕