(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមមិត្តភាពកម្ពុជា-ឡាវ ដឹកនាំដោយលោក ខាំបៃ ដាំឡាត់ អនុប្រធានរដ្ឋសភា នៃ ប.ស.ស ឡាវ សមាជិកមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ពិធីនេះធ្វើឡើងនៅសាលាខេត្ត នារសៀលថ្ងៃទី១១ខែកក្ដដា ឆ្នាំ២០២៤។

លោក ម៉ាង ស៊ីណេត បានរៀបរាប់ពីតំបន់ធំៗសំខាន់ៗខេត្ត ទី១. មានកំពង់ផែស្វយ័តចំនួន៣ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្ទឹងហាវ, និងកំពង់ផែឧកញ៉ា ម៉ុង រិទ្ធី ក្នុងចំណោមកំពង់ផែទាំងបី លោកអភិបាលបានរំលិចឡើងនូវកំពង់ផែស្វយ័តក្រុងព្រះសីហនុថា ជាផែដែលបច្ចុប្បន្នមានជម្រៅទឹក១៣.៥ម៉ែត្រ អាចអនុញាត្តឲ្យនាវាផ្ទុកទម្ងន់ចាប់ពី៣ម៉ឺនទៅ៤ម៉ឺនតោនចូលចតបាន ពោលគឺទំនិញទូរទាំងប្រទេសប្រមាណជាង៧០ភាគរយនោះ គឺឆ្លងកាត់តាមកំពង់ផែក្រុងព្រះសីហនុនេះ។

ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនឹងអភិវឌ្ឍកំពង់ផែនេះទៅជាបីដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីឆ្នាំ២០២៤ដល់២០២៧, ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២៥ដល់២០២៨ និងដំណាក់កាលជំហានទី៣ ជំហានទាំងបីនេះ មានជម្រៅទឹកចាប់ពី១៤.៥ម៉ែត្រ រហូតដល់១៧.៥ម៉ែត្រ នឹងអាចទទួលនាវាផ្ទុកទម្ងន់រហូតដល់១៦ម៉ឺនតោនចូលចត។ លោកបន្តថា បន្ទាប់ពីបញ្ចប់ជំហ៊ានទាំង៣នេះហើយ កំពង់ផែស្វយ័តយើងនេះនឹងអាចទទួលចរាចរណ៍នាវាធំៗនៅពិភពលោកនេះចូលចតបានដោយមិនមានបញ្ហា។

គូសបញ្ជាក់ថា ក្នុងគម្រោងដំណាក់កាលទី១នេះដែរ គឺបានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដោយឡែក ផ្លូវអាកាស ខេត្តក៏មានកាសយាន្តដ្ឋានអន្តរជាតិមួយដែលនឹងកំពុងតែពង្រីកឲ្យក្លាយទៅជាច្រកចេញ-ចូលអន្តរជាតិបែបទំនើប ដែលមានផ្លូវរដ្ឋប្រវែងជាង៣៣០០ម៉ែត្រសម្រាប់រថយន្តចូលចត និងមានគម្រោងថ្មីមួយទៀតគឺស្ថានីយ៍ទទួលអ្នកដំណើរថ្មី បច្ចុប្បន្នកំពុងតែសាងសង់នឹងគ្រោងបញ្ចាប់នៅឆ្នាំ២០២៧ខាងមុខ។

អភិបាលខេត្តបានបន្ថែមថា ខេត្តព្រះសីហនុយើងសម្រាប់ផ្លូវដែកពីភ្នំពេញមកព្រះសីហនុប្រវែង ២៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៥ គឺខេត្តកណ្តាល, តាកែវ, កំពត, ខេត្តកែប, និងព្រះសីហនុ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលបានជម្រុញឲ្យមានផ្លូវរថភ្លើងក្នុងល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង ដោយមានមហិចតាក្នុងពេលអនាគតបើមានពេលវេលាសមស្របមួយនឹងជម្រុញផ្លូវដែកមានល្បឿនលើសពីនេះទៅទៀត។ សម្រាប់ផ្លូវគោកចេញពីខេត្តព្រះសីហនុតភ្ជាប់ទៅខេត្តផ្សេងៗយើងមានផ្លូវជាតិលេខ៣, លេខ៤, និងផ្លូវល្បឿនលឿនដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

ងាកមកវិស័យទេសចរណ៍ឆមាសទី១ក្នុងឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបប្រមាណ២លាន៨សែននាក់ហើយភ្ញៀវភាគច្រើនគឺចាប់អារម្មណ៍ទៅលើកោះនានាក្នុងខេត្តពោលដោយសារឆ្នេរនៅតាមបណ្តាកោះទាំងនោះមានទេសភាពស្រស់បំព្រងស្អាតខ្យល់អាកាសបរិសុទ្ធនិងប្លែកជាងនៅឆ្នេរនៅមាត់សមុទ្រក្រុងព្រះសីហនុ។ ក្រៅពីនេះខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័នចំនួន៣៧ខ្សែរជាផ្លូវមេមានអាងប្រព្រឹត្តកម្មចំនួន៣ទីតាំងផងដែរ។

លោក ខាំបៃ ដាំឡាត់ អនុប្រធានរដ្ឋសភា ក្រោយពីស្តាប់នូវប្រសាសន៍រៀបរាប់អំស្ថានភាពភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ លោកពិតជារំភើប និងរីករាយចំពោះការអភិវឌ្ឍន៍ ព្រមទាំងភាពរីកចំរើនវិស័យនានាជាច្រើនរបស់ខេត្ត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ក៏ដូចជាថ្នាក់ដឹកនាំខេត្តទាំងអាណត្តិចាស់ និងបច្ចុប្បន្ន ធ្វើឲ្យប្រជាជនរស់នៅដោយសុខដុមរម្យនា ក្រោមល្លប់សន្តិភាព។

ក្នុងឱកាសលោកសំឡឹងឃើញថាថ្នាក់ប្រទេសទាំងពីរដែលផ្សារភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អ និងមានភាពរឹងមាំដើម្បីជាផលប្រយោជន៍ដល់ការរស់នៅ ការធ្វើដំណើរទៅមករកគ្នាមានភាពងាយស្រួល បង្កើនភាពស្និទស្នាលជាមួយគ្នា ឲ្យមានសុខសន្តិភាព សុវត្ថិភាព ទៅអនាគតជាតិ ជាមួយគ្នានេះលោកជម្រាបជូនថាសមាគន៍របស់លោកបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០ ហើយរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយមានកិច្ចសហប្រតិបត្តិការណ៍ល្អរវាងប្រជាជន និងប្រជាជន ហើយមានការងារទៅមកជាញឹកញ៉ាប់ ទើបក្នុងឆ្នាំ២០២២កន្លងទៅនេះបានរៀបចំចុះឲ្យមានអនុសារណយោគយល់គ្នារវាងសមាគមមិត្តភាពឡាវ-កម្ពុជា កម្ពុជា-ឡាវ។

លោក ខាំបៃ ដាំឡាត់ បន្ថែមទៀតថា គោលបំណងនៃសមាគម គឺជំរុញយ៉ាងណាឲ្យយុវជនរបស់យើងជាអ្នកបន្តវេនមានអនុស្សរណៈយោគយល់គ្នា បង្កើនភាពស្និទ្ធស្នាលដើម្បីឈានទៅរកភាពរីកចំរើនទាំងអស់គ្នាទៅអនាគត់ លោកបន្តថា តាមរយៈការងារនេះលោកនឹងជម្រុញដល់អ្នកវិនិយោគប្រទេសទាំងពីរសម្របសម្រួលពិភាក្សាគ្នាដើម្បីឈានទៅរកការអភិវឌ្ឍន៍ និងភាពរីកចំរើនផ្នែកសេដ្ឋកិច្ចរួមគ្នា៕