(បាត់ដំបង)៖ លោក ស៊ិន ស៊ីវនឿត ត្រូវបានគេចាត់ជាកសិករគំរូមួយ នៅក្នុងភូមិកំពង់សីមា ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលទទួលបានជោគជ័យ លើការប្រកបរបរកសិកម្ម បន្ទាប់ពីលោកបានផ្លាស់ប្តូរពីការដាំដុះបន្លែ ដោយប្រើសារធាតុគីមី មកអនុវត្តកសិកម្ម តាមបែបកសិអេកូឡូស៊ី។ មុនពេលទទួលបានជោគជ័យ លើការប្រកបរបរដាំបន្លែនេះ លោកក៏ធ្លាប់បរាជ័យម្តងដែរ រហូតដល់លោកសម្រេចចិត្តបោះបង់របរនេះ ងាកទៅធ្វើកម្មករសំណង់។
ក្រោយបោះបង់របរធ្វើកសិកម្មនេះអស់រយៈពេល៥ឆ្នាំ កសិករវ័យ ៥៥ ឆ្នាំ រូបនេះ បានត្រឡប់មកចាប់មុខរបរជាអ្នកដាំបន្លែវិញ។ ប៉ុន្តែការត្រឡប់មកវិញនេះ លោកមិនបានជ្រើសរើសការដាំដុះដោយប្រើសារធាតុគីមីទៀតនោះទេ ដោយបានស្រាវជ្រាវពីវិធីដាំដុះដំណាំរបៀបណា ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាខ្លួនឯងផ្ទាល់។ ហេតុដូច្នេះទើបលោកសម្រេចចិត្ត ជ្រើសរើសការអនុវត្តកសិកម្ម តាមបែបកសិអេកូឡូស៊ី។
បច្ចុប្បន្ននេះ លោក ស៊ីវនឿត បានដាំបន្លែវិលជុំ ដូចជា ស្ពៃក្រញ៉ាញ់ ស្ពៃហាង ស្ពៃតឿ សាឡាត់ និងបន្លែ ផ្លែឈើមួយចំនួនទៀត លក្ខណៈបែបបណ្តាក់គ្នា។ លោកថា ធ្វើបែបនេះ គ្រួសាររបស់លោកអាចប្រមូលផលលក់បានរាល់ថ្ងៃ ទទួលបានចំណូលទៀងទាត់គ្រប់រដូវកាល និងមិនបារម្ភពីការសល់ដំណាំចោល នៅក្នុងចម្ការទៀតនោះទេ។
អាចថាមិនមែនជារឿងងាយនោះទេ ដែលកសិករនៅកម្ពុជាមិនប្រឈមនឹងការខាតបង់ប្រាក់ចំណូលទាល់តែសោះ ពីការធ្វើកសិកម្មរបស់ខ្លួន។ តែយ៉ាងនេះក្តី លោក ស៊ីវនឿត អះអាងថា បន្ទាប់ពីលោកបានផ្លាស់ប្តូរការធ្វើកសិកម្ម ដោយប្រើប្រាស់សារធាតុគីមី មកអនុវត្តតាមបែបកសិអេកូឡូស៊ី លោកមិនដែលរងការខាតបង់ប្រាក់ចំណេញនោះទេ បើទោះបីជារដូវកាលខ្លះដំណាំរបស់កសិករដទៃទៀត ធ្លាក់ក្រោមតម្លៃមួយដែលមិនអាចទទួលយកបានក៏ដោយ ប៉ុន្តែបន្លែរបស់លោក ដូចជាស្ពៃ សាឡាត់ នៅតែអាចលក់បានតម្លៃចន្លោះពី ៤០០០រៀល ទៅ១ម៉ឺនរៀលដែរ។
មានកូន ៥នាក់ក្នុងបន្ទុក លោក ស៊ីវនឿត ដែលធ្លាប់ជាកសិករមានជីវភាពលំបាក និងមានបញ្ហាសុខភាព ដោយសារតែដាំដំណាំប្រើថ្នាំគីមី បច្ចុប្បន្ននេះ មានជីវភាពកាន់តែប្រសើរជាងមុន។
កសិអេកូឡូស៊ី គឺជាប្រព័ន្ធផលិតកម្មកសិកម្ម ផ្តល់នូវតម្លៃដល់ជីវចម្រុះ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្បៀងអាហារទាំងមូល រក្សាគុណភាពដីឱ្យមាននិរន្តភាព ក៏ដូចជាធ្វើឱ្យប្រសើរនូវបរិស្ថាន និងសង្គម ព្រមទាំងសេដ្ឋកិច្ចរបស់កសិករ និងសហគមន៍របស់ពួកគេ តាមរយៈការកែប្រែពីការធ្វើកសិកម្ម ដោយប្រើប្រាស់សារធាតុគីមី មកប្រើប្រាស់បច្ចេកទេសធ្វើកសិកម្មតាមបែបសេរីរាង្គ ការដាំដំណាំចម្រុះច្រើនមុខ និងចិញ្ចឹមសត្វច្រើនប្រភេទ។
លោក សូម៉ែល ហ្គីយ៉ូម ( Guillaume JUMEL) ប្រធានអង្គការសមាគមនិរន្តរភាពដីដើម្បីជីវិត(SSLA)បានលើកឡើងថា កសិករដែលកែប្រែពីការធ្វើកសិកម្ម ដោយប្រើប្រាស់សារធាតុគីមី មកអនុវត្តកសិអេកូឡូស៊ី បានធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែប្រសើរជាងមុន និងអាចរកបានប្រាក់ចំណូលជាប្រចាំគ្រប់រដូវកាល ខុសពីកសិករដែលដាំដំណាំតែមួយមុខ ពេលប្រមូលផលរួច ប្រឈមនឹងការជួបបញ្ហាទីផ្សារ ដែលធ្វើឱ្យពួកគាត់ជួបបញ្ហាសេដ្ឋកិច្ច។ ជាក់ស្តែង លោក ស៊ីវនឿត បន្ទាប់ពីការកែប្រែរបៀបនៃការធ្វើកសិកម្ម បានធ្វើឱ្យជីវិតលោកកាន់តែប្រសើរឡើង។ លោកទទួលស្គាល់ថា ការចាប់ផ្តើមដំបូងៗកសិករ នឹងជួបបញ្ហាប្រឈមខ្លះ ដោយសារតែនេះបច្ចេកទេសថ្មី។
លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្ដាញកសិអេកូឡូស៊ី (ALiSEA) នៃអង្គការ ហ្រ្គេត (GRET) នៅកម្ពុជា លើកឡើងដែរថា ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ដែលជាបច្ចេកទេសធ្វើកសិកម្មថ្មីមួយ នឹងជួយឱ្យកសិករទទួលបានផលចំណេញច្រើនជាងការធ្វើការកសិកម្មតាមបែបគីមី។ ជាមួយគ្នានេះ ការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ីនេះ ក៏នឹងធានាបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារនៅក្នុងសហគមន៍ និងធានាបានប្រាក់ចំណូលទៀងទាត់សម្រាប់កសិករផងដែរ។ ហេតុដូច្នេះហើយ បានជាបណ្ដាញ ALiSEA បានដាក់ចេញនូវផែនការជំរុញ និងបណ្តុះបណ្តាលកសិករនៅកម្ពុជា ឱ្យអនុវត្តកសិកម្ម តាមបែបកសិអេកូឡូស៊ីឱ្យបានទូលំទូលាយ។
លោកបានគូសបញ្ជាក់ថា ALiSEA គឺជាបណ្ដាញដែលចូលរួមពីសហភាគីពាក់ព័ន្ធចំរុះ ដូចជាវិស័យឯកជន រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អ្នកស្រាវជ្រាវ និងអង្គការកសិករ ក្នុងទិសដៅផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីការអនុវត្តកសិអេកូឡូស៊ី ឱ្យបានកាន់តែទូលំទូលាយ។ បណ្ដាញ ALiSEA ថ្នាក់តំបន់មាន ចំនួន៤ ប្រទេស កម្ពុជា ឡាវ វៀតណាម និងភូមា ដែលមានសមាជិកសរុប ២៣៨ ស្ថាប័ន។
បណ្ដាញកសិអេកូឡូស៊ី (ALiSEA) មានគោលបំណង ពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធតាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងចែករំលែកបទពិសោធន៍ លើការអនុវត្តកសិអេកូឡូស៊ី បង្កើនការបង្ហាញ និង ភាពជឿជាក់ លើការអនុវត្តកសិអេកូឡូស៊ី ទៅដល់អ្នកបង្កើតគោលនយោបាយ និងអ្នកប្រើប្រាស់ផលិតផលកសិអេកូឡូស៊ី និងបង្កើនការអភិវឌ្ឍន៍ និងការទទួលយកការអនុវត្តកសិកអេកូឡូស៊ីក្នុងចំណោមកសិករ៕