(កំពត)៖ មន្ទីរសុខាភិបាលខេត្តកំពត បានបើកយុទ្ធនាការ ផ្សព្វផ្សាយ អប់រំ ដល់ពលរដ្ឋទូទាំងខេត្ត ដើម្បីបញ្ជៀសនូវជំងឺ «Zika» ដែលអាចនឹងកើតឡើងជាយថាហេតុ ដែលបានធ្វើឡើងក្នុងរយៈពេល១សប្តាហ៍ រហូតមកដល់រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃនេះ រូបលោកចាត់តាំងមន្ត្រីរាជការក្រោមឱវាទចែកចេញជាក្រុម ដើម្បីបើកយុទ្ធនាការចុះផ្សព្វផ្សាយ អប់រំ ពាក់ព័ន្ធនឹងជំងឺ «Zika» ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ជាមួយខិតប័ណ្ណអប់រំ ផ្សព្វផ្យាយ ជាង៤ពាន់សន្លឹក ដោយក្នុងនោះ ក្រុមគោលដៅដែលត្រូវផ្សព្វផ្សាយ មានសកម្មភាព ចុះដល់គ្រប់មូលដ្ឋាន សុខាភិបាល មណ្ឌលសុខភាព មន្ទីរពេទ្យ និងបិតខិតប័ណ្ណអប់រំ ផ្សព្វផ្សាយ នៅលើយានយន្តរបស់រដ្ឋ យានយន្តសាធារណៈ និងបិតខិតប័ណ្ណ នៅតាមច្រកចេញចូលនានា តាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងផ្សព្វផ្សាយអប់រំ នៅតាមទីប្រជុំជន ដូចជា ផ្សារ ចំណតរថយន្ត និងទីសាធារណ:ផ្សេងៗជាដើម។
លោកប្រធានមន្ទីរដុខាភិបាល បន្តថា ដោយផ្អែកតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះមន្ទីរសុខាភិបាលខេត្តកំពត បាននឹងកំពុង ហើយបន្ត បំពេញតួនាទី ភារកិច្ចថ្មីនេះ ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប បញ្ជៀសនូវកើត ឬចំលងនូវជំងឺ ប្រភេទZika ដ៏កាចសាហាវមួយនេះ៕