(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៀតព្រឹត្តិការណ៍ប្រកួតកីឡា គឺជា ឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូចនេះនាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ, ប៉ុន្តែជាងនេះទៀតព្រឹត្តិការណ៍ប្រកួតកីឡា គឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព រវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្ដើមយកជ័យជម្នះក្នុងព្រឹត្តិការណ៍កីឡាធំៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) ដែលបើកទ្វារចំហសម្រាប់អ្នកហាត់ក្បាច់គុន ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់អាចចូលរួមប្រកួតបាននេះ, ហើយកន្លងមកឃើញមានកីឡាករប្រយុទ្ធជាច្រើន មានកីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, Taekwondo។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះកម្ពុជាយើងក៏ធ្លាប់មានឱកាសល្អចូលរួមប្រកួតយុទ្ធគុន ចម្រុះអន្តរជាតិជាច្រើនលើក ក្នុងនាមជាកីឡាករប្រយុទ្ធគុនខ្មែរ, កីឡាករគុនល្បុក្កតោ, កីឡាករចំបាប់, កីឡាករការ៉ាតេ និង កីឡាករយូដូជាដើម៕