(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកឡើងថា ក្រោមដំបូលនៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍ វិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកជាផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២»។ ពិធីនេះ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្រោមដំបូលនៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍ វិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និង ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឲ្យកាន់តែខ្លាំង ពូកែ ក្នុងការប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) ដែលបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់-គុន ឬ កីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ អាចចូលរួមប្រកួតបាននេះ, ហើយកន្លងមកឃើញមាន កីឡាករប្រយុទ្ធជាច្រើន មកពីកីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, Taekwondo។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះកម្ពុជា, យើងក៏ធ្លាប់មានឱកាសល្អ ចូលរួមប្រកួតយុទ្ធគុន ចម្រុះអន្តរជាតិជាច្រើនលើក ក្នុងនាមជាកីឡាករប្រយុទ្ធគុនខ្មែរ, កីឡាករគុនល្បុក្កតោ, កីឡាករចំបាប់, កីឡាករការ៉ាតេ និងកីឡាករយូដូ ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជានៅមានយុទ្ធគុនខ្មែរបុរាណ សម្បូរបែបច្រើនប្រភេទ ច្រើនទម្រង់ និង ច្រើនមេគុន ដែលសម្តេចបានផ្ដើម និង ផ្តល់ជាគោលការណ៍ ឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ចាប់ពីខែតុលា ឆ្នាំ២០២៤តទៅ។
កម្មវិធីនេះ ដោយបើកចំហយ៉ាងទូលំទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ, គ្រប់ទម្រង់, គ្រប់ក្បាច់គុន និង គ្រប់ទិសទី អាចមកចូលរួមប្រកួត បានទាំងមហាជន, ទាំងមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺទាំងសញ្ញាតិខ្មែរ និង បរទេស អាចចូលរួម ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ បានទាំងអស់គ្នា។ នេះជាគូសបញ្ជាក់បន្ថែម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អ្នកស្នេហាក្បាច់គុណ ឲ្យដាក់ពាក្យចូលរួមប្រកួត ដោយរាល់ខែតុលា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះទៅ កម្ពុជានឹងរៀបចំការប្រកួតក្បាច់គុន បុរាណខ្មែរគ្រប់ទម្រង់ទាំងអស់។
គូសបញ្ជាក់ថា ព្រឹត្តិការណ៍ «ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» កើតចេញពីការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែជំរុញ និងលើកទឹកចិត្តដល់វិស័យកីឡាជាតិ ក៏ដូចជាការរៀបចំការប្រកួតនាថ្ងៃនេះផងដែរ។
ការប្រកួតនេះ ធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ «អូឡាំពិក» ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១, ១២, ១៣ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកួតនេះ មានប្រតិភូកីឡាសរុបចំនួន ២០៤នាក់ ក្នុងនោះ អត្តពលិក ១០១នាក់, ប្រតិភូ ៣០នាក់, អាជ្ញាកណ្ដាល-ចៅក្រម, សិក្ខាកាមអាជ្ញាកណ្ដាល-ចៅក្រម ៥០នាក់, គ្រូបង្វឹក ២៣នាក់ និងគ្រូឧទ្ទេសវគ្គបណ្តុះបណ្តាល៣នាក់៕