(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកស្នេហាវិស័យក្បាច់គុនសូមដាក់ពាក្យចូលរួមប្រកួត និងបង្ហាញសមត្ថភាព ដោយនៅខែតុលារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះទៅ កម្ពុជានឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់។
ការអំពាវនាវនេះធ្វើឡើងក្នុងពិធីបើកផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេចធិបតីបានលើកឡើងថា ប្រជាជាតិកម្ពុជាគឺមានយុទ្ធគុនខ្មែរបុរាណច្រើនប្រភេទ គ្រប់ទម្រង់ និងច្រើនមេគុន ដែលបន្សល់ដោយដូនតាបុព្វបុរសខ្មែរតាំងពីបុរាណកាលមក។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានបានផ្ដល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលាជារៀងរាល់ឆ្នាំ ចាប់ណីឆ្នាំ២០២៤នេះតទៅ ដើម្បីបើកចំហទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ទិសទី អាចចូលរួមប្រកួតទាំងមហាជន ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទោះបីសញ្ជាតិខ្មែរ ឬបរទេស ក៏អាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវដល់កីឡាករ អ្នកចេះក្បាច់គុនបុរាណខ្មែរ យុវជន អ្នកចូលរួមទស្សនា ប្រជាពលរដ្ឋទូទៅចូលរួមហាត់ក្បាច់គុនខ្មែរបុរាណ ដើម្បីចូលរួមប្រកួត ឬបង្ហាញសមត្ថភាពក្នុងការប្រកួតនាពេលខាងមុខនោះ។ ចំពោះជនបរទេសក៏ស្វាគមន៍ដែរ តែត្រូវចេះក្បាច់គុនខ្មែរ ដូច្នេះអាចរៀនក្បាច់គុនខ្មែរបាន មុនចូលប្រកួតនៅខែតុលា ឆ្នាំ២០២៤ខាងមុខ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំបែបនេះគឺដើម្បីបង្កឱកាសឱ្យអ្នកចេះក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់មកសម្ដែង មកប្រកួតក្នុងពេលជាមួយគ្នា បង្ហាញទៅកាន់ប្រជាជន យុវជន និងមជ្ឈដ្ឋានអន្តរជាតិថា កម្ពុជាពិតជាមានក្បាច់គុនច្រើនណាស់ និងបង្កឱកាសឱ្យមានការស្រាវជ្រាវ ចងក្រងឡើងវិញផងដែរ។ ដូច្នេះហើយសម្ដេចធិបតីក៏បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំជម្រះ ចងក្រង ស្រាវជ្រាវយុទ្ធគុនខ្មែរបុរាណឡើងវិញ។
សូមជម្រាបថា រាល់ការរៀបចំការប្រកួតក្បាច់គុនកន្លមក ភាគច្រើនគឺមានតែការរៀបចំដាចដោយឡែក ដូចជា ការប្រកួតប្រដាល់គុនខ្មែរ ការប្រកួតគុនល្បុក្កតោប៉ុណ្ណោះ ប៉ុន្តែចាប់ពីខែតុលានេះទៅ នៅប្រទេសកម្ពុជានឹងមានការប្រកួតគុនចម្រុះខ្មែរបុរាណ ដែលមានលក្ខណៈដូចអន្តរជាតិដែរ៕