(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកជាផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២»។ ពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍ «ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» កើតចេញពីការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែជំរុញ និងលើកទឹកចិត្តដល់វិស័យកីឡាជាតិ ក៏ដូចជាការរៀបចំការប្រកួតនាថ្ងៃនេះផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុង «ពិធីបើកការប្រកួតយុទ្ធគុនចម្រុះជ្រើស- រើសជើងឯកអាស៊ីលើកទី ២» នាពេលនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ ប្រទេស ដែលបានចូលរួម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមអរគុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិក និង សមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុក ចិត្តដល់កម្ពុជា ក្នុងការរៀបចំ ការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ី លើកទី២ នេះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកឡើងវិញថា កម្ពុជាទើបតែបានរៀបចំ ការប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ ២០២៣ ដោយទទួលបានជោគជ័យ ដ៏ត្រចះត្រចង់,
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់ បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និង ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំង ពូកែ ក្នុងការប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅកម្ពុជា និង សកលលោក, ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និង គាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ, ប៉ុន្តែជាងនេះទៀត ព្រឹត្តិការណ៍ប្រកួតកីឡា គឺជា ឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះប្រទេសជាតិ, ក៏ដូចជា រួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និង មិត្តភាព រវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) ដែលបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់-គុន ឬ កីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ អាចចូលរួមប្រកួតបាននេះ, ហើយកន្លងមកឃើញមាន កីឡាករប្រយុទ្ធជាច្រើន មកពីកីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, Taekwondo។ ចំពោះកម្ពុជា, យើងក៏ធ្លាប់មានឱកាសល្អចូលរួមប្រកួតយុទ្ធគុន ចម្រុះអន្តរជាតិជាច្រើនលើក ក្នុងនាមជាកីឡាករប្រយុទ្ធគុនខ្មែរ, កីឡាករគុនល្បុក្កតោ, កីឡាករចំបាប់, កីឡាករការ៉ាតេ និង កីឡា ករយូដូ ជាដើម ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានៅមានយុទ្ធគុនខ្មែរបុរាណសម្បូរបែបច្រើនប្រភេទ ច្រើនទម្រង់ និង ច្រើនមេគុន ដែលសម្តេចបានផ្ដើម និង ផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ចាប់ពីខែ តុលា ឆ្នាំ ២០២៤ តទៅ ដោយបើកចំហ យ៉ាងទូលំទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ, គ្រប់ទម្រង់, គ្រប់ក្បាច់គុន និង គ្រប់ទិសទី អាចមកចូលរួមប្រកួត បានទាំងមហាជន, ទាំងមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺទាំងសញ្ញាតិខ្មែរ និង បរទេស អាចចូលរួម ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ បានទាំងអស់គ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកស្នេហាក្បាច់គុណ ឱ្យដាក់ពាក្យចូលរួមប្រកួត ដោយរាល់ខែតុលា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះទៅ កម្ពុជានឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរមានក្បាច់គុនច្រើនណាស់ មិនមែនមានតែពីរបីទម្រង់នោះទេ ដែលត្រូវបង្ហាញទៅកាន់ពិភពលោក
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង៧៖០០ល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤៕