(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។
ពិធីនេះត្រូវបានប្រព្រឹត្តឡើង ក្រោមអធិបតីភាពរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។
កិច្ចសហការនេះមានគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា តាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុរបស់សហគ្រិនខ្មែរ និងមានការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រោមកិច្ចសហការនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើការគាំទ្រទាក់ទងនឹងបច្ចេកទេសដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈគំនិតកម្មវិធីកសាងសមត្ថភាពនានា ដើម្បីសម្រេចបាននូវគោលបំណងបង្កើនភាពប្រកួតប្រជែងនៃកសិកម្មកម្ពុជា តាមរយៈការចងក្រងនិងប្រមូលផ្តុំការធ្វើផលិតកម្មរួមគ្នា ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕