(កំពង់ស្ពឺ)៖ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបើកយុទ្ធនាការបាញ់ថ្នាំមូសកំចាត់មូសខ្លាការពារជម្ងឺគ្រុនឈាម ជំងឺ Zika និងជំងឺគ្រុនឈិក នៅតាមបណ្តាបរិវេណមន្ទីរពេទ្យបង្អែកខេត្ត សាលាបឋមសិក្សាអង្គសិរី សាលាអនុវិទ្យាល័យទីរួមខេត្ត និងទីសាធារណៈនានានៅសង្កាត់សុព័រទេព សង្កាត់រកាធំ សង្កាត់ច្បារមន សង្កាត់កណ្តោលដុំ និងបន្តចុះបាញ់ថ្នាំនៅតាមឃុំ ផ្សេងៗទៀតក្នុងខេត្តទាំងមូលតែម្តង។
សកម្មភាពបាញ់ថ្នាំមូសនេះ ចាប់ផ្តើមពីថ្ងៃចុងសប្តាហ៍កន្លងទៅ ហើយនឹងបន្តចុះបាញ់តាមភូមិស្រុកដែលប្រជាពលរដ្ឋកំពុងរស់នៅបន្តទៀត។ បើតាមការដកស្រង់សំដីរបស់លោកវេជ្ជបណ្ឌិត អោម វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា «ការធ្វើយុទ្ធនាការបាញ់ថ្នាំកំចាត់មូលខ្លា មន្ទីរសុខាភិបាល តែងធ្វើសកម្មភាពឡើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមតាំងពីខែមិនា រហូតមកដល់ខែតុលា ក្នុងនោះក៏មានការចុះអប់រំដល់ប្រជាពលរដ្ឋ និងបានបាញ់ថ្នាំ ព្រមទាំងដាក់ថ្នាំ អាល់បែត ក្នុងពាងទឹក តាមភូមិដែលប្រជាពលរដ្ឋកំពុងរស់នៅ»។ លោកវេជ្ជបណ្ឌិតបានបន្តថា មូសខ្លា ជាប្រភពចំលងជម្ងឺ គ្រុនឈាម គ្រុនឈិក និងជំងឺថ្មីមួយទៀត គឺជម្ងឺ Zika ដែលកំពុងកើតមានឡើងនៅតាមបណ្តាប្រទេសជិតខាងប្រទេសកម្ពុជាយើង។ សម្រាប់កម្ពុជាចំពោះជម្ងឺ Zika ពុំទាន់កើតមានឡើងនៅឡើយទេ។ ដោយឡែក ជម្ងឺគ្រុនឈាម សំរាប់ឆ្នាំ២០១៥មាន៥៧ករណី២០១៦ មានចំនួន៤១ករណី។ បើប្រៀបធៀបពេលដូចគ្នាឆ្នាំ២០១៦នេះមានការថយចុះ។
សំរាប់ខេត្តកំពង់ស្ពឺក្នុងរយៈពេល២ឆ្នាំនេះ គឺពុំមានអ្នកស្លាប់សារជំងឺគ្រុនឈាមនោះទេ។ លោកវេជ្ជ. អោម វណ្ណថេន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះអនាម័យ និងកំចាត់ជម្រកមូសខ្លា នៅជុំវិញផ្ទះ ដោយដាក់ថ្នាំអាល់បែតតាមពាងទឹក ចាក់បំពេញដីនៅកន្លែងដក់ទឹក ត្រូវយកសំបកកង់ម៉ូតូ ឡាន ចាស់ៗ និងសំបកកំប៉ុង សំបកដូង និងសំភារៈផ្សេងៗដែលដកទឹកបង្កឲ្យមូសពង និងញាស់កូន ដូច្នេះសូមឲ្យប្រជាពលរដ្ឋ ត្រូវយកសម្ភារទាំងនោះយកទៅដុត ឬកប់ចោល។ ប្រជាពលរដ្ឋគ្រប់រូបត្រូវ ដេកក្នុងមុង ស្លៀកពាក់ខោ អាវ ឲ្យបានជិតដល់ក្មេញៗ ជៀសវាងមូលខ្លាខាំ ដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺZika ដែលពិភពលោកកំពុងខិតខំទុបស្កាត់ និងព្រួយបារម្មណ៍យ៉ាងខ្លាំង។
គូបញ្ជាក់ថា ក្នុងឆ្នាំ២០១៦នេះ មន្ទីរសុខាភិបាលបានដាក់ និងចែកចាយថ្នាំអាល់បែត ដល់ប្រជាពលរដ្ឋ អស់ចំនួន១២តោន។ ជារៀងរាល់ឆ្នាំមន្ទីរ បានត្រៀមបម្រុងថ្នាំអាល់បែត ទុកចែកជួនដល់ប្រជាពលរដ្ឋ ពី៣ទៅ៤តោនក្នុងមួយឆ្នាំៗ៕