(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារចម្រុះ បានបើកកិច្ចប្រជុំដោះស្រាយវិវាទរវាងបណ្ដឹងរបស់ប្រជាពលរដ្ឋ២ភាគី ដែលបានប្តឹងផ្តល់គ្នាទៅតុលាការពាក់ព័ន្ធនឹងរឿងដីធ្លី និងបណ្ដឹងមួយទៀត ពាក់ព័ន្ធទៅនឹងមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានប្ដឹងប្រជាពលរដ្ឋទៅកាន់តុលាការ ពាក់ព័ន្ធករណីថាបានដុតបំផ្លាញព្រៃលិចទឹករបស់រដ្ឋអស់២៤ហិកតា ស្ថិតនៅចំណុចភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំខាងលើនេះ ដឹកនាំដោយលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងដោយមានការអញ្ជើញចូលរួមពីលោក ខឹម ចាន់នឿន នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុក រលាប្អៀរ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោកមេឃុំស្វាយជ្រុំ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋជាភាគីដើមបណ្ដឹង និងអ្នកសារព័ត៌មាន៣អង្គភាពចូលរួមផងដែរ។
នៅក្នុងឱកាសនោះលោក ខឹម ចាន់នឿន បានលើកឡើងថា ការអញ្ជើញប្រជាពលរដ្ឋជាភាគីទំនាស់ទាំងសងខាង និងអាជ្ញាធរ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ មកចូលរួមប្រជុំថ្ងៃនេះ គឺដើម្បីធ្វើការស្រាវជ្រាវ និងដោះស្រាយបណ្ដឹង២ ដែលបានប្ដឹងទៅកាន់តុលាការបណ្ដឹង រួមមាន៖
*ទី១៖ ពាក់ព័ន្ធនឹងការក្លែងឯកសារសាធារណៈ បរិហារបង្កាច់កេរ្តិ៍ និងជេរប្រមាថជាសាធារណ
*ទី២៖ ពាក់ព័ន្ធទៅនឹងមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងពលរដ្ឋបានប្តឹងឈ្មោះ ស្រ៊ុន សុផល ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ពីបទថាបានលួចដុតព្រៃលិចទឹករបស់រដ្ឋនៅចំណុចខាងលើនេះ អស់ចំនួន២៤ហិកតា។
លោកនាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបន្តថា ដើម្បីផ្ដល់យុត្តិធម៌ជូនភាគីទាំងសងខាង គឺថ្ងៃនេះទាំងអាជ្ញាធរខេត្ត អាជ្ញាធរស្រុក និងស្ថាប័នតុលាការបានកោះអញ្ជើញភាគីពាក់ព័ន្ធទាំងសងខាងដើម្បីធ្វើការសាកសួរស្វែ ងរកការពិតក្នុងការសម្រេចដោះស្រាយជូនភាគីទាំងសងខាងឲ្យបានសមស្រប នឹងទទួលបានយុត្តិធម៌ទាំងសង្ខាង ហេតុនេះបើទោះជាថ្ងៃនេះភាគីចុងចម្លើយមិនបានចូល រួមក៏ដោយចុះ លោកស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន និងភាគីដើមបណ្ដឹងផ្ដល់មតិយោបល់តាមការពិតជាក់ស្ដែង ជូនអង្គប្រជុំដើម្បីធ្វើការពិចារណានិងជាមូលដ្ឋានក្នុងការដោះ ស្រាយប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ជាចុងក្រោយលោកនាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងនាមរដ្ឋបាលខេត្តលោកស្នើសុំតំណាងអយ្យការអមសាលាដំបូងខេត្ត ចាត់វិធានការច្បាប់ចំពោះបុគ្គលណាដែលបានប្រព្រឹត្តទង្វើខុសច្បាប់ដោយកុំមានការលើកលែងឡើយ។
លោក សេង វិចិត្រ បានលើកឡើងថា ពាក់ព័ន្ធនឹងបណ្តឹងទាំង២របស់ប្រជាពលរដ្ឋខាងលើនេះបណ្តឹងទី១៖ អំពីការក្លែងបន្លំឯកសារសាធារណៈ ក្នុងនាមលោកជាអាជ្ញាធរស្រុកគឺលោកស្នើសុំតំណាង អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើល្មើសច្បាប់ឲ្យគឺការក្លែងឯកសារសាធារណៈនេះឲ្យបានតឹងរឹងជាទីបំផុត ដោយសារវាបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋច្រើនណាស់ រហូតដល់ថ្មីៗនេះមានបណ្ដឹងពីអង្គភាពប្រឆាំងអំពើពុករលួយទៀត ដែលភាគីម្ខាងនោះបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថា អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្លែងបន្លំឯកសារលក់ដីសាលារៀន និងដីអ្នកតាដែលជាដីសាធារណៈ។
លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា បច្ចុប្បន្នលោកបានចុះស្រាវជ្រាវស៊ើបអង្កេតរកឃើញអ្នកលក់ដីនោះហើយ លោកក៏បានរៀបចំឯកសារដាក់ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដោយរកឃើញ ក្នុងដីទំហំមួយហិកតាកន្លះគឺពួកគេបានរំលោភអស់ជាងបួនពាន់ម៉ែត្រការ៉េ ដោយកន្លងមកបានចោទប្រកាន់ថា គេជាអ្នកលួចលក់តែពេលនេះគឺរកឃើញថា ខ្លួនឯងជាអ្នកលក់ទៅវិញ។
លោកបញ្ជាក់ថា ថ្ងៃនេះផងដែរលោកអភិបាលខេត្តកំពង់ឆ្នាំង បានឲ្យក្រុមការងារចុះស្រាវជ្រាវ បើរកឃើញថា បុគ្គលណាមានការក្លែងបន្លំឯកសារសាធារណៈ ឬលួចលក់ដីសាធារណៈរបស់រដ្ឋពិតប្រាកដ លោកអភិបាលខេត្តសុំឲ្យអនុវត្តច្បាប់ដោយមិនមានការលើកលែងឡើយ។
លោក លី ហុងស្រេង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានលើកឡើងនៅក្នុងអង្គប្រជុំនោះផងដែរថា ពាក់ព័ន្ធករណីភ្លើងឆេះព្រៃក្រោយពីថ្ងៃទី១៧ ដោយមានការរាយការណ៍និងផ្ដល់ព័ត៌មានពីលោកព្រះរាជអាជ្ញារង និងក្រុមការងាររបស់ថ្នាក់ស្រុកលោកបានចុះមកពិនិត្យជាក់ស្ដែង ដោយនៅថ្ងៃទី២៣ ឃើញថា ភ្លើងកំពុងឆេះព្រៃពិតមែនពេលនោះ ក្រុមការងារខណ្ឌរដ្ឋបាលជលផលរបស់លោកបានធ្វើការវាស់វែងក៏បានរកឃើញថា ការឆេះព្រៃនោះអស់ទំហំរហូតទៅដល់២៤ហិកតា។
ទន្ទឹមនឹងនោះក្រុមការងាររបស់លោកក៏បានធ្វើការអន្តរាគមន៍តាមរយៈលោកព្រះរាជអាជ្ញារង និងលោកអភិបាលស្រុក ដោយអន្តរាគមន៍យកឡានទឹកមកពន្លត់បានជោគជ័យ។ បន្ទាប់មកលោកក៏បានធ្វើការកសាងសំណុំរឿង ស្រាវជ្រាវ ហើយក៏រកឃើញថា មានការពាក់ព័ន្ធជាមួយនឹងលោក ស្រ៊ុន សុផល ដែលជាអ្នកដុតព្រៃលិចទឹក ក្នុងនោះក៏មានការបំភ្លឺពីប្រជាពលរដ្ឋថាបាន ឃើញការដុតព្រៃជាក់ស្ដែង និងមានទាំងរូបភាពទៀតផង។
លោកបានបញ្ជាក់ទៀតថា ក្នុងនាមលោកជារដ្ឋបាលជលផល លោកគ្រាន់តែចង់បញ្ជាក់ទៅអង្គពិធីដឹងថា តំបន់នេះគឺជាតំបន់ដែននេសាទហើយជាតំបន់ព្រៃលិចទឹកដែលធ្វើការគ្រប់គ្រងដោយខណ្ឌរដ្ឋបាលជលផល ក្រោយពីឆ្នាំ១៩៧៩មកតំបន់នេះ គឺជាតំបន់ព្រៃមួយក្រាស់ណាស់មិនមែនជាតំបន់ដែលរដ្ឋបានប្រគល់ឲ្យប្រជាពលរដ្ឋទេ តែក្រោយមកជាពលរដ្ឋក៏បានអាស្រ័យផលដោយពួកគាត់ទន្ទ្រានមួយឆ្នាំបន្តិចមួយឆ្នាំបន្តិចមកដល់ថ្ងៃនេះ ទើបធ្វើឱ្យតំបន់នេះ ក្លាយទៅជាវាលស្រែ។
សម្រាប់ខណ្ឌរដ្ឋបាលជលផលនៅតែសំណូមពរធ្វើការទាមទារយកដីទាំងនេះ មកគ្រប់គ្រងវិញដោយយោងតាមអនុក្រឹត្យ ឬប្រកាសរបស់រាជរដ្ឋាភិបាលថាត្រូវកាត់ឃ្វៀលឱ្យត្រឹមណា គឺយកត្រឹមហ្នឹងក្រៅពីនោះ លោកសូមទាមទារយកដីនេះមកគ្រប់ គ្រងនិងដាំព្រៃឈើលិចទឹកឡើងវិញ ព្រោះដីនេះជាដីអភិ រក្សព្រៃលិចទឹកក្នុងស្រុករលាប្អៀរ ព្រោះក្នុងស្រុករលាប្អៀរអត់មានព្រៃលិចទឹកនោះទេគឺមានតែតំបន់នេះ។
ជាចុងក្រោយតាំងនាមលោកជារដ្ឋបាលជលផលលោកសុំធ្វើការសំណូមពរដល់លោកព្រះរាជអាជ្ញាឬលោកព្រះរាជអាជ្ញារង លោកតំណាងអភិបាលខេត្ត ជួយធ្វើការអនុវត្តច្បាប់ចំពោះជនដែលបានប្រព្រឹត្តកំហុសក្នុងការងារនេះ និងសុំធ្វើការទាមទារដីជាង២៤ហិកតានៅតំបន់នេះដើម្បីយកមកគ្រប់គ្រងជាសម្បត្តិរដ្ឋឡើងវិញ។
ដោយឡែកលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកក៏បានលើកឡើងនៅក្នុងអង្គពិធីខាងលើនេះផងដែរថា មកដល់ពេលនេះខាងតំណាងអយ្យការមិនទាន់ធ្វើការសម្រេចណាមួយ ព្រោះថាទាក់ទងនឹងរឿងព្រហ្មទណ្ឌការសម្រេចគឺមានតែពីរ ទី១-ត្រូវធ្វើការចោទប្រកាន់ជាផ្លូវការដើម្បីឲ្យចៅក្រមបន្តការស៊ើបសួរជាបន្តទៀត។ ទី២-បើអយ្យការរកមិនឃើញមានបទល្មើសគឺមិនចោទប្រកាន់នោះទេមានន័យថា គឺតម្កល់រឿងទុកឥតចាត់ការ ដូច្នេះគឺមានតែ២ទេ ទី១-ចោទប្រកាន់ និងទី២- តម្កល់រឿងឥតចាត់ការ។
តែពេលនេះខាងអយ្យការកំពុងតែមានការសង្ស័យមិនទាន់ថាយ៉ាងម៉េចទេ ទើបបានកោះហៅភាគីចុងបណ្ដឹងចូលឆ្លើយបំភ្លឺរកភស្តុតាង។ ប៉ុន្តែអ្វីដែលសោកស្ដាយក្នុងរឿងដុតព្រៃលិចទឹកនេះ ខាងអយ្យការបានកោះអញ្ជើញគាត់ចំនួន ៣ដងមកហើយ ប៉ុន្តែគាត់ពុំបានចូលឆ្លើយទាំង៣ដង អញ្ចឹងវាស៊ីចង្វាក់ជាមួយនឹងលោកអភិបាលស្រុក ដែលបានលើកឡើងអម្បាញ់មិញនេះដែលថា ការដោះស្រាយនៅរដ្ឋបាលស្រុកក៏គាត់មិនបានចូលរួមដែរ ហេតុផលវា ស្រដៀងគ្នាគឺខាងគាត់ដាក់ពាក្យសុំពន្យាររហូត ដូច្នេះជាគោលការណ៍ជានីតិវិធី ដែលកោះហៅគាត់នេះ គឺដើម្បីយកមកសាកសួរមិនមែនមកចាប់ឃុំខ្លួនគាត់ទេ ប៉ុន្តែអ្វីដែលខាងជលផលប្ដឹង និងខាងប្រជាពលរដ្ឋប្ដឹង តើវាជាការពិតទេ គឺគាត់មានសិទ្ធិក្នុងការតវ៉ានិងដោះបន្ទុក ព្រោះខាងជលផល និងខាងពលរដ្ឋបានប្ដឹងដាក់បន្ទុកលើគាត់ ហេតុនេះគាត់មានសិទ្ធិដោះបន្ទុករបស់គាត់។
តែនៅពេលដែលទុកឱកាសឲ្យគា ត់មកដោះបន្ទុកគាត់អត់មកចូលឆ្លើយ ដូច្នេះខាងអយ្យ ការមិនទាន់ជឿលើខាងណានោះដែរ ហេតុនេះក្នុងដំណាក់ការបណ្ដោះអាសន្ននេះជាអំណាចចែងក្នុងច្បាប់របស់ព្រះរាជអាជ្ញា ក្នុងករណីជាជនសង្ស័យ ជនដែលសង្ស័យគឺជនដែលត្រូវបានគេប្ដឹងនៅក្នុងបណ្ដឹងមិនបានចូលរួមឆ្លើយតាមការកោះ ហៅ២ទៅ៣ដង នីតិវិធីគឺតុលាការមានសិទ្ធិចេញដីការមួយដែលគេហៅថាដីកាបញ្ជាឲ្យចូលខ្លួនមានន័យថា បញ្ជាឲ្យកងកម្លាំងទៅនាំបុគ្គលនោះយកមកធ្វើការសាកសួរ គឺមិនមែនយកមកឃុំខ្លួនទេ ក្រោយពេលសាកសួរ ថាតើត្រូវឱ្យគាត់ត្រឡប់ទៅផ្ទះវិញឬក៏ឃាត់ខ្លួនគាត់បញ្ជូនទៅចៅក្រមជាកិច្ចចុងក្រោយ។
លោកព្រះរាជ្ញាបានបញ្ជាក់ទៀតថា ឥឡូវនេះខាងអយ្យការកំពុងតែពិចារណាករណីនេះ តែខណៈនេះដោយសារតែមានការសង្ស័យទើបលោកព្រះរាជអាជ្ញា ឯក ស៊ុនរស្មី បានចាត់ឱ្យលោកព្រះរាជអាជ្ញារងសហការជាមួយអាជ្ញា ធរខេត្ត អាជ្ញាធរស្រុក ចុះស្រាវជ្រាវ និងពិនិត្យទាំងអស់គ្នាឲ្យបានច្បាស់លាស់ដូច្នេះខាងអយ្យការមិនទាន់មានការចោទប្រកាន់ទៅលើបុគ្គលនោះជាផ្លូវការនៅឡើយទេ ចំណែកដីកាបញ្ជាឲ្យចូលខ្លួនក៏កំពុង តែធ្វើការពិចារណាផងដែរ។
ក្នុងករណីនេះផងដែរលោក គឺ រតនា ដែលត្រូវបានភាគីម្ខាងប្ដឹងអំពីបទក្លែងឯកសារសាធារណៈបរិហារបង្កាច់កេរ្តិ និងជេរប្រមាថជាសាធារណៈ បានបញ្ជាក់ប្រាប់តាមប្រព័ន្ធតេឡេក្រាមអោយដឹងថា ករណីសំណុំរឿងព្រហ្មទណ្ឌលេ ខ១២៣ ដែលប្ដឹងពាក់ព័ន្ធជាមួយនឹងរូបលោកគឺលោកពុំមានមេធាវីការពារក្តីនោះទេ ករណីនេះលោកក៏បានចូលស្រាយបំភ្លឺ។ជូនព្រះរាជអាជ្ញាដែលកាន់សំណុំរឿងខាងលើនេះបានចប់សព្វគ្រប់អស់ហើយ ដោយឡែកនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះលោកពុំបានទទួលលិ ខិតឬដឺការកោះអញ្ជើញលោកចូលរួមនៅក្នុងអង្គប្រជុំនោះដែរ ប្រសិនបើមានលិខិតលោកនិងចូលរួមដោយមិនរារែកឡើយ។
លោក តឹក សិរីវិចិត្រ មេធាវីការពារក្តីឱ្យកូនក្តីចំនួន៣រូប ដែលបានរងបណ្ដឹងព្រហ្មទណ្ឌក្នុងសំណុំរឿងលេខ១២៣ មាន៖ ១-លោក ស្រ៊ុន សុផល ២-លោក ព្រុំ កុសល និង៣-លោក សំ សុខុន ដែលជាសំណុំរឿងដែលចោទប្រកាន់កូនក្តីរបស់លោក ទៅលើបទក្លែងឯកសារសាធារណៈ ប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងជេរប្រមាថជាសាធារណៈ រីឯនៅក្នុងសំណុំរឿងមួយទៀត គឺជាសំណុំរឿងលេខ៤០៤ នៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានលិខិតអញ្ជើញលោកផង ក៏ដូចជាកូនក្តីរបស់លោកផង ដើម្បីចូលរួមប្រជុំពិនិត្យស្រាវជ្រាវ វាស់វែងដីទំនាស់ និងទីតាំងដុតព្រៃលិចទឹក។
ដើម្បីឆ្លើយទៅនឹងសំណួររបស់បណ្ដាញព័ត៌មាន Fresh News ដែលបានសួរលោកថា តើមានការអញ្ជើញលោកដែលជាមេធាវី និងកូនក្តីរបស់លោកក្នុងការទៅចូលរួមប្រជុំ ហើយលោកនឹងកូនក្តីរបស់លោកបានទៅចូលរួមដែរឬទេ លោកបានឆ្លើយថា លិខិតអញ្ជើញនេះគឺបានផ្ញើមកតាមតេឡេក្រាមរបស់លោកទេ គឺតាមរយៈជំនួយការរបស់លោកព្រះរាជអាជ្ញា ខណៈនោះលោកក៏បានឆ្លើយតបទៅជំនួយការលោកព្រះរាជអាជ្ញាវិញថា ខ្ញុំបាទនិងទទួលលិខិតអញ្ជើញទាំងអស់នោះតាមបែបបទរដ្ឋបាល នៅពេលដែលលិខិតនោះបានមកដល់ដៃកូនក្តីរបស់ខ្ញុំនឹងបានមកដល់ការិយាល័យរបស់ខ្ញុំ ប៉ុន្តែជាក់ស្ដែងលិខិតនោះ គឺពុំបានមកដល់នោះទេ នៅថ្ងៃកោះអញ្ជើញគាត់អត់មានលិខិតអញ្ជើញដល់កូនក្តីខ្ញុំ ក៏ដូចជាខ្ញុំបាទជាមេធាវីទេ។ នេះគឺជាហេតុដែលលោកនិងកូនក្តីលោកមិនអាចទៅចូលរួមតាមការអញ្ជើញបាន ដោយសារតែគ្មានលិខិតអញ្ជើញជាផ្លូវការណាមួយ ពីព្រោះអីការបញ្ជូនលិខិតអញ្ជើញ ឬដីកាកោះ គឺត្រូវធ្វើតាមរបៀបនៃការបញ្ជូនដីការដោយមន្ត្រីកិច្ចការបញ្ជូននៃតុលាការទៅបញ្ជូនតាមរយៈប៉ុស្តិ៍ប្រៃសណីយ៍ បញ្ជូនតាមរយៈមន្ត្រីធ្វើការបញ្ជូនផ្ទាល់មកដល់ទីតាំងការិយាល័យ ឬទៅដល់ទីលំនៅរបស់កូនក្តីផ្ទាល់ ដូច្នេះការបញ្ជូនតាមតេឡេក្រាមនេះ គឺជាការបញ្ជូនមិនផ្លូវការនោះទេ។
ម្យ៉ាងវិញទៀត ការណ៍ដែលលោកនិងកូនក្តីរបស់លោករឹតតែមិនអាចទៅចូលរួមតាមលិខិតអញ្ជើញបានទៅទៀតនោះ គឺដោយសារកម្មវត្ថុនៃលិខិតអញ្ជើញនោះវាខុសទៅនឹងកម្មវត្ថុនៃសំណុំរឿងដែលលោកបានការពារ ហើយលោកសុំបញ្ជាក់ថាសំណុំរឿងដែលលោកការពារទាក់ទងទៅនឹងលិខិតអញ្ជើញដាក់ដល់ទៅ២សំណុំ រឿងមានសំណុំរឿងលេខ១២៣ និងសំណុំរឿងលេខ៤០៤ ហើយដើម្បីឲ្យចុះទៅវាស់វែងចូលរួមប្រជុំពិនិត្យស្រាវជ្រាវវាស់វែងដីទំនាស់ នៅក្នុងនោះការប្ដឹងចោទប្រកាន់កូនក្តីរបស់លោកថាបានលួចដុតព្រៃលិចទឹកនឹងបានក្លែងឯកសារសាធារណៈ ប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងជេរប្រមាថជាសាធារណៈ នៅក្នុងកម្មវត្ថុនៃបទចោទនេះអត់មានទេ ការវិវាទអំពីដីទំនាស់គឺអត់មានទេ មិនមានកម្មវត្ថុនៃបណ្ដឹងណាមួយទាក់ទងនឹងដីទំនាស់ឡើយ។
មួយវិញទៀត ទាក់ទងនឹងការចូលរួមវាស់វែងដីទំនាស់ដីព្រៃលិចទឹកដែលបានដុតនេះ គឺមិនមែនជាសមត្ថកិច្ចរបស់លោកនិងកូនក្តីរបស់លោកដែលត្រូវចូលរួមនោះទេ ពីព្រោះបទល្មើសនិងការចោទប្រកាន់នេះ សំណុំរឿងនេះបានស្ថិតដល់ដំណាក់ការអយ្យ ការនៅក្នុងដំណាក់ការតុលាការដែលគាត់បានចំណាត់ការហើយ លោកអាចជូនកូនក្តីរបស់លោកចូលរួម ឆ្លើយដោះបន្ទុកឬឆ្លើយបំភ្លឺជូនអយ្យការ និងតុលាការតែប៉ុណ្ណោះទាក់ទងទៅនឹងរឿងដុតព្រៃលិចទឹកក្រៅ ពីនោះលោកមិនអាចចូលរួមតាមលិខិតអញ្ជើញបាននោះទេ។
លោកក៏បានបញ្ជាក់ផងដែរថា នៅក្នុងលិខិតអញ្ជើញទាំងអស់ដែលបានផ្ញើមកលោកនោះនៅក្នុងនោះគ្មានលិខិតអញ្ជើញមួយដែរដោយដាក់ថា លោក គឺ រតនា គឺជាកូនក្តីរបស់លោក លោកសូមបញ្ជាក់ទៅវិញថា លោក គឺ រតនា លោកមិនបានការពារសិទ្ធិជូនគាត់ទេ ព្រោះគាត់មិនមែនជាកូនក្តីរបស់លោកនោះឡើយ៕