(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះបានបន្តដឹកនាំដោយ លោក គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាពការងារ និងបច្ចុប្បន្នភាពនៃកិច្ចការអាស៊ាន នៅក្រោមសសរស្តម្ភសហគមន៍អាស៊ាននីមួយៗ ក្នុងការត្រៀមគោលជំហររួមរបស់កម្ពុជា និងការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅប្រទេសឡាវ៕