(ភ្នំពេញ)៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ យោធិន នៃ កងរាជអាវុធហត្ថ ចូលនិវត្តន៍-ពិការ និង តំណាង គ្រួសារយោធិន ពលី-មរណៈ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ១២៩នាក់ ក្នុងឱកាសអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤)។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា ជូនដល់យោធិនចូលនិវត្តន៍-ពិការ និងគ្រួសារគ្រប់ៗគ្នា ព្រមទាំងបានណែនាំអំពីការ រៀបចំផែនការ សេដ្ឋកិច្ច ក្នុងគ្រួសារឲ្យបានហ្មត់ចត់ ចេះតាមដាននិង ថែទាំសុខភាព ឲ្យបានល្អ ហាត់ប្រាណឲ្យបានជាប់ជាប្រចាំ រស់នៅប្រកបដោយ អនាម័យនិងបរិស្ថានស្អាត ដើម្បីសុខភាពគ្រប់គ្នា។

លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្ថែមថា ទោះបីបងប្អូនចូលនិវត្តហើយក៏ដោយ សម្រាប់រូបលោកដែល ធ្លាប់រួមការងារជាមួយគ្នា លោកនៅតែមានមនោសញ្ចេតនា ដូចជាសាច់ញាតិបងប្អូនរួមសុខរួមទុក្ខជាមួយគ្នា គ្រប់កាលៈទេសៈ ហើយចំពោះបងប្អូនវិញ ក៏ត្រូវជួយសហការរក្សាសន្តិសុខសុវត្ថិភាពមូលដ្ឋានខ្លួនរស់នៅ និងត្រូវចេះជួយសង្កេតហេតុការ ផ្តល់ព័ត៌មានពាក់ព័ន្ធ បទល្មើសគ្រប់ប្រភេទ ដល់សមត្ថកិច្ច ដើម្បីបង្កាទប់ស្កាត់គ្រប់បទល្មើស និងបង្ក្រាបបានទាន់ពេលវេលា។

ក្រោយពីការសំណេះសំណាលសួរសុខទុក្ខរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់ យោធិនចូលនិវត្តន៍ និងតំណាងគ្រួសារទាំង១២៩នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ០២ការុង, មី ០២កេស, ទឹកសុទ្ធ ០២កេស រួមនិងថវិកា ១០ម៉ឺនរៀល៕