(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ហើយពាំនាំយកចំណេះដឹង និងជំនាញត្រឡប់មកវិញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ការអបអរសាទរនេះ បានធ្វើឡើងក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានអនុញ្ញាតឱ្យជ័យលាភីចំនួន ២៥រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៤ ដែលប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា ក៏បានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំង ២៥រូប និងបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ហើយពាំនាំយកចំណេះដឹង និងជំនាញត្រឡប់មកវិញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំឱ្យជ័យលាភីទាំងអស់ ស្គាល់ច្បាស់ពីអត្តសញ្ញាណ ប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌របស់កម្ពុជា ដើម្បីចូលរួមលើកស្ទួយមុខមាត់ប្រទេស ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ដ៏ផូផង់របស់កម្ពុជា ដល់និស្សិតម្ចាស់ផ្ទះ និសិ្សតបរទេស ព្រមទាំងជនជាតិជប៉ុន និងជនបរទេសផ្សេងទៀតនៅប្រទេសជប៉ុន។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យគប្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសជប៉ុនផងដែរ ដើម្បីបង្កើតមិត្តភាព និងទំនាក់ទំនងល្អបន្ថែមទៀតរវាងប្រទេសកម្ពុជា និងជប៉ុន។ ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យជ័យលាភីទាំងអស់ ចេះជួយយកអាសារគ្នាទៅវិញទៅមក ដូចពាក្យចាស់ពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃ ម្តាយតែមួយ»។
បន្ថែមពីនេះទៀត តំណាងជ័យលាភី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ដំបូន្មានដ៏ថ្លៃថ្លា និងបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងទូលំទូលាយក្នុងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា៕