(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានបង្ហាញការឃើញថាព្រឹត្តិការណ៍ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ គឺជាចលនាជំរុញឱ្យពលរដ្ឋស្រឡាញ់ធម្មជាតិ និងងាកមកការពារធនធម្មជាតិឱ្យនៅគង់វង្សសម្រាប់មនុស្សតជំនាន់។
ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមការងារព័ត៌មាន Fresh News នៅក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក សឿង សុធានី បានឱ្យដឹងថា ក្នុងនាមជាយុវជនលោកបានគាំទ្រទាំងស្រុងចំពោះយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន រួមគ្នាដាំកូនឈើឡើងវិញ។ ពីព្រោះធម្មជាតិ គឺជាអាយុជីវិតរបស់មនុស្ស។
លោក សឿង សុធានី បានបន្តថា តាមរយៈសកម្មភាពចូលរួមយ៉ាងសស្រាក់ស្រាំពីសំណាក់ក្រសួង ស្ថាប័ន រួមជាមួយវិស័យឯកជន និងអង្គការដៃគូផ្នែកបរិស្ថាន បានប្រកៀកស្មាជាមួយក្រសួងបរិស្ថាន ដើម្បីបញ្ជ្រាបចំណេះដឹងពីគុណតម្លៃនៃព្រៃឈើជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅក្នុងព្រឹត្តិការណ៍សំខាន់នានាជាដើម។
លោក សឿង សុធានី បានលើកឡើងថា សូមយុវជនដែលមានបំណងចូលរួមធ្វើសកម្មភាពលើវិស័យបរិស្ថាន ត្រូវមានភាពច្បាស់លាស់ និងពិចារណាឱ្យបានច្បាស់លាស់ប្រយ័ត្នធ្លាក់ខ្លួនចាញ់បោកក្រុមជនខិលខូច ដែលយកលេសស្រឡាញ់បរិស្ថាន មកធ្វើសកម្មភាពផ្សេងៗនាំឱ្យមានទោសជាប់ខ្លួនជាដើម៕
សូមស្តាប់ការលើកឡើងរបស់លោក សឿង សុធានី ទាំងស្រុងដូចខាងក្រោម៖