(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះក្រសួងអធិការកិច្ច ប្រើប្រាស់ CoolApp សម្រាប់សកម្មភាពទំនាក់ទំនងការងារប្រចាំថ្ងៃ។ នេះបើតាមសេចក្តីជំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការណែនាំរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងដោយអនុវត្តតាមការអំពាវនាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដែលបានស្នើឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម CoolApp របស់ខ្មែរសម្រាប់សកម្មភាពការងារប្រចាំថ្ងៃ និង ដើម្បីលើកទឹកចិត្តដល់កូនខ្មែរដែលមានសមត្ថភាពខិតខំស្រាវជ្រាវបង្កើតកម្មវិធី CoolApp នេះឡើង។
«ក្នុងន័យនេះ ក្រសួងអធិការកិច្ច សូមធ្វើការណែនាំ និងលើកទឹកចិត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងអធិការកិច្ច ចូលរួមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម CoolApp សម្រាប់សកម្មភាពទំនាក់ទំនងការងារប្រចាំថ្ងៃ ហើយដែលអាចទាញយក (Download) និងដំឡើងបណ្តាញទំនាក់ទំនងសង្គម CoolApp នេះបានពីក្នុងកម្មវិធី App Store (សម្រាប់ ទូរសព្ទប្រើ IOS) និងកម្មវិធី Play Store (សម្រាប់ទូរសព្ទប្រើ Android)»។ នេះបើតាមសេចក្តីជូនដំណឹងដដែល។
CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។
CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។
CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕