(ពោធិ៍សាត់)៖ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ជូនមន្ត្រីរាជការ និងយុវជន នៅខេត្តពោធិ៍សាត់។
លោក ហួត ស៊ីនាដ បានថ្លែងថា ការដាក់ចេញនូវកម្មវិធីថ្នាក់ជាតិ ស្តីពីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាគោលនយោបាយសំខាន់២ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ទទួលបានការថែទាំសុខភាពកាន់តែប្រសើរ និងមានវិសាលភាព គ្របដណ្តប់យ៉ាងទូលំទូលាយ រួមទាំងការផ្តល់ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្កើតឱ្យពលរដ្ឋមានការងារសមរម្យ និងជីវភាពកាន់តែប្រសើរ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា មានតែក្នុងអាណត្តិរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែប៉ុណ្ណោះដែលការផ្តល់របបសន្តិសុខសង្គម ដែលមានទាំង៣របប គឺរបបថែទាំសុខភាព របបហានិភ័យការងារ និងរបបសោធននិវត្ត ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងវិស័យឯកជន។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានលើកឡើង អំពីអត្ថប្រយោជន៍ នៃកម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលនឹងទទួលបានការបណ្តុះបណ្តាល ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម ចំនួន២៨ម៉ឺនរៀល ក្នុងមួយខែ ជាមួយនឹងភាពបត់បែន នៃកាលវិភាគសិក្សា ដែលមានចំនួនរហូតទៅដល់៧វេន ហើយរាជរដ្ឋាភិបាល ធានាផ្តល់ការងារធ្វើ ដែលមានប្រាក់ឈ្នួលសមរម្យ។
ដើម្បីឱ្យកម្មវិធីទាំងពីរនេះជោគជ័យ លោក ហួត ស៊ីនាដ ក្នុងនាមតំណាងឱ្យលោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ ជំរុញការផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរ ទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងគ្រប់មុខសញ្ញា ឱ្យបានយល់ពីកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងគោលបំណងបង្កើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ និងកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕