(ភ្នំពេញ)៖ កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Chat ដំបូងរបស់កម្ពុជាត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានស្តង់ដារបរទេសដូចទៅនឹង Telegram និង WhatsApp ផងដែរ។ វាមានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ហើយរាល់ទិន្នន័យទាំងអស់ស្ថិតក្នុងលក្ខណៈ Encryption និងរក្សាសុវត្ថិភាពខ្ពស់បំផុត។
បន្ទាប់ពីដាក់ឱ្យដំណើរការ បណ្តាញទំនាក់ទំនងសង្គមខ្មែរ CoolApp បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។ វាត្រូវបានប្រើប្រាស់កាន់តែកាន់តែច្រើនជារៀងរាល់ថ្ងៃ ក្នុងស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកគាំទ្រស្នាដៃរបស់ខ្មែរ។
ជាមួយគ្នានេះ ក្នុងចំណោមអ្នកសិក្សាឯណោះវិញ មានសិស្ស-និស្សិត ក៏ដូចជាសាស្ត្រាចារ្យជាច្រើន បានសម្តែងភាពរីករាយចំពោះ វត្តមាន CoolApp ដែលជាបណ្តាញសង្គមខ្មែរ ដោយពួកគេចាត់ទុកថា ជាសមិទ្ធផលប្រកបដោយមោទនភាពមួយរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យា។
និស្សិត៤រូបមកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានលើកឡើងដែរថា កម្មវិធីនេះគឺជាផ្នែកមួយនៃការសិក្សារបស់ពួកគាត់ ខណៈពេលនេះលោកគ្រូអ្នកគ្រូបានបង្កើតក្រុមសិក្សានៅក្នុងកម្មវិធីមួយនេះ ហើយពួកគាត់ក៏បានបង្ហាញពីលក្ខណៈងាយស្រួលនៃការប្រើប្រាស់កម្មវិធី CoolApp ផងដែរ។
លើសពីនេះទៅទៀត សាស្រ្តាចារ្យ ញៀន ដាណេត និងសាស្រ្តចារ្យ ឡេង បូរ៉ា នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក៏បានបង្ហាញពីមោទកភាពជាតិចំពោះសមិទ្ធផលដ៏ល្អមួយនេះ ដែលសបញ្ជាក់ថា កូនខ្មែរក៏មានសមត្ថភាពខ្លាំងក្នុងការសិក្សាស្រាវជ្រាវនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីឈានទៅរកការប្រកួតប្រជែងនៅលើឆាកអន្តរជាតិផងដែរ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp គឺជាការធ្វើបរិវត្តកម្មឌីជីថល ហើយបានបង្ហាញពីសមត្ថភាពរបស់អ្នកជំនាញខ្មែរមិនចាញ់បរទេសនោះទេ និងជាការបង្កើតនូវសមិទ្ធផលខ្មែរថ្មីដើម្បីបង្កើតនូវជម្រើសបន្ថែមដល់ប្រជាពលរដ្ឋខ្មែរ នៅក្នុងមធ្យោបាយទំនាក់ទំនង ដែលថ្ងៃអនាគត លោកសង្ឃឹមថា បណ្តាញសង្គមកម្ពុជានេះ នឹងទទួលបានការគាំទ្រជាលក្ខណៈអន្តរជាតិ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ក៏បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp បានក្លាយចលនាជាតិនិយម ដើម្បីគាំទ្រ និងលើកទឹកចិត្តចំពោះអ្វីដែលខ្មែរខិតខំផលិតបាន ដើម្បីប្រកួតប្រជែងខាងបច្ចេកវិទ្យាជាមួយប្រទេសផ្សេងៗ ហើយការប្រើប្រាស់ CoolAppនេះ បានផ្តល់ផលប្រយោជន៍មកដល់កម្ពុជាសុទ្ធសាធ មិនដូចការប្រើប្រាស់ App របស់បរទេស ដែលខ្មែរអ្នកប្រើប្រាស់សម្រាប់ការធ្វើអាជីវកម្ម បានចំណាយប្រាក់កាសជាច្រើនឲ្យទៅបរទេស ដែលធ្វើឱ្យកម្ពុជាខាតបង់ខាងសេដ្ឋកិច្ច។
បើតាម លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានឲ្យដឹងថា កម្មវិធី CoolApp ត្រូវបានទាញយកទៅប្រើប្រាស់ជាង២២ម៉ឺននាក់ហើយ ដែលនឹងបន្តកើនឡើងជាលំដាប់បន្ថែមទៀត។ លោកបានបញ្ជាក់បន្ថែមថា កម្មវិធី CoolApp នឹងបន្តធ្វើបច្ចុប្បន្នភាពមួយជំហានម្ដងៗ ដោយធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ងាយស្រួល និងដើម្បីផ្គាប់ចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ៕
សូមទស្សនាវីដេអូទាំងស្រុងនៃបទយកការណ៍៖