(ព្រះសីហនុ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ១ខ្សែ ប្រវែង ៤ ៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ទទឹងដីស ១០ម៉ែត្រ និងស្ថាបនាលូមូលមុខមួយចំនួន ៤កន្លែង ការដាក់ផ្លាកឈ្មោះផ្លូវ ២កន្លែង ស្ថិតនៅភូមិចំណោតរាម ទៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការអភិវឌ្ឍផ្លូវក្រាលដីល្បាយថ្មភ្នំ មួយខ្សែនេះស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលរាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានមានផ្លូវធ្វើដំណើរល្អ ហើយផ្លូវនេះនឹងឈានទៅស្ថាបនាជាផ្លូវបេតុង ឬផ្លូវកៅស៊ូ សម្រាប់ការប្រើប្រាស់យូរអង្វែងរបស់ប្រជាពលរដ្ឋ។
នាឱកាសនោះលោក ឈឹម សៅគី បានឱ្យដឹងថា ក្រសួងអភិវឌ្ឍជនបទបាននិងកំពុងបន្តយកចិត្តទុកដាក់កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ លើបញ្ហាសុខភាព និងបរិស្ថានរស់នៅល្អ ដែលជាកត្តាដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ជនបទ ធ្វើយ៉ាងណាជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អប្រសើរ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹក និងអនាម័យជនបទ លើគម្រោងជីកនិងស្តារស្រះសហគមន៍ខួងអណ្តូង សាងសង់អាងត្រងទឹកភ្លៀង សាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់ សហគមន៍ខ្នាតតូចស្ថានីយ៍ផលិតទឹកស្អាតសហគមន៍ និងការសាងសង់បង្គន់អនាម័យជាដើម ជំរុញក្របដណ្តប់ទូទាំងប្រទេស។
លោក ឈឹម សៅគី បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ជាមួយគ្នានេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយទៅជា ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីចុះពិនិត្យគម្រោងផ្លូវខាងលើរួចលោក ឈឹម សៅគី និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនិងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែទាំផ្លូវ និងលូក្នុងមូលដ្ឋានរបស់ពួកគាត់ សម្រាប់ជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។ ក្នុងពិធីសំណេះសំណាលនេះដែរលោកក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋដោយក្នុងមួយគ្រួសារទទួលបានក្រម៉ាចំនួន១៕