(ភ្នំពេញ)៖ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ស្នើដល់ភាគីចិនឱ្យមកបណ្តាក់វិនិយោគលើ វិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យបានកាន់តែច្រើនឡើងថែមទៀត។

លោក សួង ហួត ប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC តាមរយៈវិទ្យុមិត្តភាពកម្ពុជាចិន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញក្តីរំពឹងថា ក្នុងបេសកកម្មការទូតរបស់លោក វ៉ាង វិនពីន ជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោកនឹងខិតខំហើយជំរុញផ្នែកទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា-ចិនកាន់តែរឹងមាំថែមទៀត ជាពិសេសបង្កើតរោងចក្រសហគ្រាស ក្នុងវិស័យវាយនភណ្ឌកាត់ដេរ។

លោកបញ្ជាក់បែបនេះថា៖ «ក្នុងនាមសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ការតែងតាំងឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា គឺឯកឧត្ត មវ៉ាង វិនពីន ឯកឧត្តម នឹងជួយជំរុញចំណងមិត្តភាពកម្ពុជា-ចិន កាន់តែល្អប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមថា ឯកឧត្តម វ៉ាង វិនពីន ក៏ជួយជំរុញកៀរគរអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ហើយបន្ថែមពីនេះទៀត ខ្ញុំក៏សង្ឃឹមថាទំនាក់ទំនង រវាងសហជីព និងសហជីពប្រទេសទាំងពីរកាន់តែប្រសើរឡើង។»

ក្នុងសុន្ទរកថាខ្លីមួយដល់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីសប្តាហ៍មុន ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនតែងតាំងថ្មីប្រចាំកម្ពុជា បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីពាក់ព័ន្ធរវាងចិន និងកម្ពុជា ដើម្បីសម្រេច សមិទ្ធផលនានាកាន់តែច្រើន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរ។

លោកបន្តថា ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង ដោយឯកឧត្តម ស៊ី ជីង ពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន តែងតែយកសុភាសិតកម្ពុជា ប្រៀបដូចជា ដើមឈើដើម្បីពណ៌នាអំពីទំនាក់ទំនងរវាង ចិន និងកម្ពុជា។
ឯកឧត្តមរម្លឹកថាសម្ដេចព្រះបរមរតនៈកោដ នរោត្ដម សីហនុបានចាត់ទុកចំណងមិត្តភាព រវាងចិននិងកម្ពុជា ថាជាបុប្ផាដែលមិនចេះរុះរោយ ហើយអ្វីដែលលោកចាំជាងគេនោះ គឺចំណងមិត្តភាពរវាងចិន និងកម្ពុជាបានទទួលស្គាល់យ៉ាងជ្រាលជ្រៅ ពីសំណាក់ប្រជាជន នៃប្រទេសទាំងពីរ ខណៈដែលចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន បានក្លាយជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន