(ភ្នំពេញ)៖ នៅថ្ងៃទី១ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ក្រសួងបរិស្ថាន រួមជាអង្គការដៃគូ បានចែកកូនឈើចម្រុះចំនួន ៣៥,០០០ដើម ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។
បើតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ក៏បានត្រៀមកូនឈើចម្រុះចំនួន ៣៥ម៉ឺនដើម សម្រាប់ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិថ្លៃ នៅក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ជាក់ស្ដែងនៅរសៀលថ្ងៃ១០ ខែកក្កដា កូនឈើត្រូវបានចែកតាមស្តង់មុខក្រសួងបរិស្ថាន តាមទីតាំងបណ្ដុះកូនឈើផ្ទាល់ និងការស្នើសុំផ្ទាល់ពីអង្គភាព ស្ថាប័នផ្សេងៗប្រមាណ ៤៣,៥០០ដើម។ ក្រោយការចែកបីថ្ងៃនៅមុខក្រសួង កូនឈើនឹងត្រូវបន្តចែកតាមបណ្ដាខេត្តតទៅទៀត»។
លោក ខ្វៃ អាទិត្យា បានបន្តថា សម្រាប់កូនឈើចម្រុះផ្សេងៗទៀត មន្ទីរបរិស្ថាន រាជធានី-ខេត្ត នឹងបន្តចែកជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីយ៉ាងណាឱ្យស្របតាមយុទ្ធនាការដាំកូនឈើយ៉ាងតិច ១លានដើម នៅក្នុងមួយឆ្នាំ។
គួរឱ្យដឹងថា ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន។
ពិធីបើកពិព័រណ៍បានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ។
នាឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន ត្រូវបាន រាជរដ្ឋាភិបាលប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដើម្បីធានានូវឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។ លោកសូមបញ្ជាក់ផងដែរថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោករដ្ឋមន្ត្រី បានបន្តថា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះឱ្យទៅជាសមិទ្ធផលជាក់ស្តែងក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតសំខាន់លើមុំបីគឺ ការពង្រឹងគោលនយោបាយ ការកសាង រដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញបង្វិលយុទ្ធសាស្រ្តចំនួនបី គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» មកធ្វើជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្ម ភាពនានាសំដៅធានាឱ្យបាននូវ ចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍន៍បៃតង៕