(សៀមរាប)៖ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ និងសិស្ស-និស្សិត ត្រូវយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើន នៅតាមវត្តអារាម ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯង ក៏ដូចជាមនុស្សជាតិទាំងមូលផងដែរ។
ការអំពាវនាវយ៉ាងដូច្នេះរបស់លោក អ៉ឹង គឹមលាង បានធ្វើឡើងក្នុងព្រឹត្តិការណ៍ដាំកូនឈើព្រៃលិចទឹកចំនួន ៣ពាន់ដើមរួមមាន៖ កូនរាំង, តាអួរ, ផ្ទោល, កន្សែង, ម្តេញ និងសណ្តាន់ ត្រូវបានយកទៅដាំលើផ្ទៃដីព្រៃលិចទឹករីករឹល ចំនួន ២ហិកតា នៅចំណុចស្រែខ្យង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដែលរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ អស់លោក លោកស្រី មន្ទីរពាក់ព័ន្ធអាជ្ញាធរស្រុក មន្ត្រីរាជការ មេឃុំ មេភូមិ កងកម្លាំង យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស អង្គការ និងប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ ចូលរួមផងដែរ។
ក្នុងកិច្ចស្វាគមន៍របស់លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានលើកឡើងថា ការដាំដើមឈើមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និងមូលដ្ឋានរបស់ខ្លួនផងដែរ។
លោក អ៉ឹង គឹមលាង បានបន្តថា ព្រៃឈើ ជាសរសៃឈាមក្នុងវិស័យកសិកម្ម ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ យើងត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា។ លោកបានបន្ថែមថា ព្រឹត្តិការណ៍ដាំកូនឈើព្រៃលិចទឹកនេះ ជាការស្តារឡើង វិញនូវតំបន់ព្រៃរីករឹលដើមី្បបង្កើននូវធនធានធម្មជាតិ និងជាទីកន្លែងជម្រងសម្រាប់ត្រីពងកូន នៅក្នុងរដូវវស្សា និងជាទីជម្រកស្នាក់នៅរបស់សត្វស្លាបគ្រប់ប្រភេទផងដែរ។
លោកបានបន្តថា គោលដៅរបស់អាជ្ញាធរខេត្តក្នុងស្តារឡើងវិញនូវព្រៃលិចទឹក ដោយបានចលនាពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងសិស្សានុសិស្ស ក៏ដូចជា៖ អង្គការដៃគូ ដើមី្បធ្វើការដាំដុះកូនឈើព្រៃលិចទឹក នៅតាមតំបន់ព្រៃរីករឹល ក្នុងរយៈមួយឆ្នាំឱ្យបាន ២ម៉ឺនដើម។ តែមកដល់ពេលនេះ រដ្ឋបាលខេត្តសហការជាមួយ អង្គការដៃគូ បានធ្វើការដាំដុះកូនឈើនៅព្រៃលិចទឹក បានចំនួន៣គោលដៅស្មើ១៣,០០០ដើម ព្រមទាំងបន្តធ្វើការដាំដុះនៅកន្លែងផ្សេងៗទៀត ក្នុងតំបន់ព្រៃលិចទឹក មាត់បឹងទន្លេសាបផងដែរ។
លោក អ៉ឹង គឹមលាង បានបញ្ជាក់ថា ព្រៃឈើពិតជាផ្តល់នូវអត្ថប្រយោជន៍ និងមានសារៈសំខាន់ណាស់ចំពោះមនុស្ស និងសត្វ ព្រោះវាអាចស្រូបយកឧស្ម័នការបូនិច្ច និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន កាត់បន្ថយកំដៅ ផ្តល់នូវទីជម្រកដល់មនុស្ស សត្វ និងជួយបង្កើននូវជីវជាតិដី ទប់ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និងជារបាំងការពារខ្យល់ព្យុះផង។ ព្រៃឈើលិចទឹក ក៏បានរួមចំណែកដល់អេកូទេសចរណ៍ និង បង្កើតការងារដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋានតាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តផងដែរ៕