(តូក្យូ, ជប៉ុន)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ Yoshida Yosihide អគ្គសេនាធិការចម្រុះកងស្វ័យការពារជប៉ុន។
បន្ទាប់មកនាយឧត្តមសេនីយ៍ បានជួបសម្តែងការគួរសមជាមួយលោក Minouru Kihara រដ្ឋមន្រ្តីការពារជាតិជប៉ុន សម្រាប់ដំណើរទស្សនកិច្ចរបស់លោកនៅជប៉ុនរយៈពេលប៉ុន្មានថ្ងៃនេះ។
ដោយឡែកនៅថ្ងៃទី១០ ខែកក្កដានេះ នាយឧត្តមសេនីយ៍ សៅ សុផាន់ ក៏បានអញ្ជើញទស្សនកិច្ចការងារនៅសាលា FUJI នៃកងស្វ័យការពារជើងគោកជប៉ុនផងដែរ។
សម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារខាងលើនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ក្នុងការជួយស្វែងរកសន្តិភាព និងរក្សាសន្តិភាព ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩២ ហើយចាប់ពីពេលនោះមក ប្រទេសជប៉ុន គឺជាដៃគូដែលមិនអាចខ្វះបាន ក្នុងដំណើរការកសាង អភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា។
នាយឧត្តមសេនីយ៍ និងភាគីជប៉ុន ក៏បានផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍ទាំងក្នុងតំបន់ និងពិភពលោក ហើយបានបេ្តជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការយោធាជាអាទិ៍៖ ការផ្លាស់ប្តូរយោធិនគ្រប់កម្រិត, ការបណ្តុះបណ្តាលធនធានមនុស្ស, ការធ្វើលំហាត់រួមគ្នា និង កិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន៕