(ព្រៃវែង)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលា មត្ដេយ្យសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ដែលពិធីនេះត្រូវបានប្រព្រឹត្តទៅនៅបរិវេណមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ។
លោកបណ្ឌិត សិត ខន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ បានឲ្យដឹងថា គោលគំនិតសំខាន់ក្នុងការកសាងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ គឺដើម្បីង្កើតជាបណ្ដុំនៃសេវា កម្មអប់រំ និងបណ្តុះបណ្តាល មួយដែលមានទំនាក់ទំនងគ្នា ចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា សំដៅផ្តល់ឱកាសសិក្សាដល់កូនចៅប្រជាជន និងមន្ត្រីរាជការនៅមូលដ្ឋាន ព្រមទាំងបង្កភាពងាយស្រួលក្នុង ការអនុវត្តកម្មវិធីសិក្សា (បន្សំគ្នាពីកម្រិតមួយទៅកម្រិតមួយទៀត) ប្រើប្រាស់ធនធានមនុស្ស និងធនធានរូបវន្ត (ជាពិសេស មន្ទីរពិសោធន៍មួយចំនួន អាចប្រើប្រាស់រួមគ្នារវាងថ្នាក់វិទ្យាល័យ សាលាបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ និងថ្នាក់ឧត្តមសិក្សា) និងងាយស្រួលក្នុងការ អភិវឌ្ឍធនធានមនុស្ស ធានាគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃ បច្ចេកវិទ្យា ហើយជាចុងក្រោយ គឺដើម្បីបណ្តុះសហគ្រិនភាពដល់ យុវជនមូលដ្ឋាន ដើម្បីចូលរួម ចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ និងទីផ្សារផលិតផលក្នុងស្រុក។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្រោយពីបានរួមចំណែកក្នុងការផ្តួចផ្តើមកសាងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ មក សម្តេច ក៏បានផ្តួចផ្តើមគំនិតថ្មីមួយទៀតនៅក្នុងឆ្នាំ២០២២ ដើម្បីបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារនេះឡើង នៅលើទីតាំងតែមួយ ដើម្បីប្រមូលផ្តុំសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នាចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតឧត្តមសិក្សា សំដៅផ្តល់ឱកាស និងលទ្ធភាពភាពងាយស្រួលដល់កូនចៅប្រជាពលរដ្ឋ និងកូនចៅ មន្ត្រីរាជការនៅមូលដ្ឋាន បានសិក្សាមុខជំនាញបច្ចេកទេសផ្នែកកសិកម្ម និងគ្រឿងយន្តដើម្បីបង្កភាពងាយ ស្រួលក្នុងការអនុវត្តកម្មវិធីសិក្សា ការប្រើប្រាស់ធនធានមនុស្ស ធនធានរូបវន្ត និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ។
សម្តេចបានបញ្ជាក់ថា ដោយឡែកចំពោះសាលាមត្តេយ្យសិក្សា ហ៊ុន សែន កំចាយមារនេះសម្តេចចាត់ទុកជាគ្រឹះមួយដ៏សំខាន់របស់កុមារ ក្នុងការស្វែងយល់ពីពិភពខាងក្រៅ បន្ទាប់ពីការបង្ហាត់បង្រៀនរបស់មាតា បិតា និងអាណាព្យាបាលនៅតាមផ្ទះរបស់ពួកគាត់។ អាស្រ័យហេតុនេះ មាតា បិតា និងអាណាព្យាបាលទាំងអស់ មិនត្រូវមើលរំលងការ សិក្សាថ្នាក់មត្តេយ្យសិក្សានេះទេ ព្រោះវាជាកម្រិតដំបូងក្នុងជីវិតសិក្សារបស់មនុស្សយើងម្នាក់ៗ ។
សម្តេចក្រហោម បន្តថា ការអប់រំកុមារសំដៅដល់ការផ្តល់នូវចំណេះដឹង និងតម្លៃ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីក្លាយជាមនុស្សពេញវ័យដែលមានសមត្ថភាព និងទំនួលខុសត្រូវរបស់ខ្លួនក្នុងសង្គម។ នេះរួមបញ្ចូលទាំងការបង្រៀនវិជ្ជាផ្សេងៗដូចជា៖ គណិតវិទ្យា អក្សរសាស្ត្រ វិទ្យាសាស្ត្រ សិល្បៈ និងទំនាក់ទំនងសង្គម។
ជាមួយគ្នានេះ បើយោងតាមអនុសញ្ញា ស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ កុមារមានសិទ្ធិ ជាមូលដ្ឋានចំនួន៤ ក្នុងនោះរួមមាន៖ សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបានការការពារ និងសិទ្ធិក្នុងការចូលរួម ដូចនេះ ការផ្តល់ការអប់រំដល់កុមារគឺជាអនុវត្តសិទ្ធិក្នុងការអភិវឌ្ឍដល់កុមារឱ្យទទួលបានការលូតលាស់ទាំងផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាស្មារតី ដើម្បីឱ្យកុមារក្លាយជាមូលធនមនុស្សសម្រាប់បន្តការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាព៕