(ភ្នំពេញ)៖ ក្នុងគោលដៅលុបបំបាត់សកម្មភាពក្មេងទំនើង និងពង្រឹងវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់ លោកនាយក លោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ ដែលបង្រៀននៅ កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅ នៅវិទ្យាល័យច្បារអំពៅ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកលោកស្រីចៅសង្កាត់ទាំង៨ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងលោកអធិការនគរបាលខណ្ឌ រួមទាំងលោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងខណ្ឌច្បារអំពៅប្រមាណជាង២០០នាក់។
បន្ទាប់ពីស្ដាប់ការលើកឡើងរបស់លោកនាយកសាលា និងគ្រូប្រចាំថ្នាក់ ពីបញ្ហាប្រឈមមួយចំនួន ដែលកើតមាននៅក្នុងសាលារួចមក លោក ចេង មុនីរ៉ា បានទទួលយកសំណើ និងសំណូមពរ ដើម្បីធ្វើការដោះស្រាយ រួមមាន៖ ការសម្រួលចរាចរណ៍ពេលសិស្សចេញពីសាលា ដោយឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយសង្កាត់ ចុះសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះ និងការពារសុវត្ថិភាពសិស្ស និងឲ្យមានការរៀបចំជារបាំងចរាចរណ៍ ដើម្បីដាក់កាត់ទទឹងផ្លូវ ពេលសិស្សចេញពីសាលា ។
លោកអភិបាលខណ្ឌបានបន្តថា គណៈគ្រប់គ្រងនៅតាមសាលាទាំងអស់ សូមយកចិត្តទុកដាក់ ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើង កុំឲ្យកើតមានក្នុងសាលា ជាពិសេសតាមដានវត្តមានសិស្សជាប្រចាំ បើមានការសង្ស័យ ឬឈប់គ្មានហេតុផល សូមផ្ដល់ព័ត៌មាន ទៅអាណាព្យាបាល មាតាបិតាសិស្ស សកម្មភាពក្មេងទំនើងនេះ មិនសំដៅថា កើតមាននៅក្នុងសិស្សដែលរៀននោះទេ គឺអាចពេលខ្លះ ក្មេងមកពីខាងក្រៅចូលទៅធ្វើសកម្មភាព នៅក្នុងបរិវេណសាលាបើមានការសង្ស័យ សូមឲ្យលោកនាយកសាលាទាំងអស់ រាយការណ៍បន្ទាន់មក គណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ដើម្បីចាត់វិធាន។
ជាមួយនេះដែរ លោកអភិបាលខណ្ឌ បានណែនាំបន្ថែមដល់លោកនាយកសាលាទាំងអស់ និងលោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ សូមបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ ដោយសារគ្រឿងញៀន ពន្យល់ពីបញ្ហាល្បែងស៊ីសង និងបង្រៀនពីច្បាប់ចរាចរ។ ចំនុចទាំងអស់នេះ គឺជួយតម្រងទិសអោយដើរលើផ្លូវល្អ ជួយការពារទ្រព្យសម្បត្តិក្រុមគ្រួសារ ជួយឪពុកម្តាយកុំអោយមានការពិបាកចិត្ត ការពារប្រជាពលរដ្ឋកុំឲ្យរស់នៅក្នុងស្ថានភាពភ័យខ្លាច៕