(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចេរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៤-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិឆ្នាំ២០២៥។
កិច្ចប្រជុំនេះមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកមេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ជាច្រើនរូបផងដែរ។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអានរបាយការស្តីពីសារាចរណែនាំលេខ០០៧ .សហវ .សរ អហក ថាអនុលោមតាមមាត្រា៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងចរាចរស្តីពីប្រតិទិនសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។ ក្នុងរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និងក្របខ័ណ្ឌថវិការយៈពេលមធ្យម សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នា២០២៥ - ២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥។
លោក បឹង គឹមសឹង បានបន្តថា ក្នុងនោះមន្ទីរហិរញ្ញវត្ថុខេត្ត បានធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាខេត្តឆ្នាំ២០២៤ ដល់មន្ត្រីអ្នកប្រតិបត្តិ ថវិការមកពីមន្ទី ពាក់ព័ន្ធផ្សេងៗ បង្ហាញអំពីរបៀបនៃការអនុវត្ត សារាចរណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សា ពន្យល់ណែនាំ លើការប្រើប្រាស់ និងបិទបញ្ជីចំណូល-ចំណាយ ថវិកាខេត្តសម្រាប់ឆ្នាំ២០២៤ ឱ្យមានប្រសិទ្ធិភាព ក្នុងនោះមន្រ្តីជំនាញទាំងអស់ត្រូវយល់អំពីការអនុវត្តន៍ តាមនីតិវិធីច្បាប់ស្តីពីរបាយការណ៍ហិរញ្ញវត្ថុ បានកំណត់ច្បាស់លាស់អំពីពេលវេលា មិនអាចមានភាពយឺតយ៉ាវបានឡើយ ហើយស្របតាមគោលការណ៍ដែលក្រសួងដាក់ចេញមកផង។
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គ្រប់មន្ទីរ អង្គភាព ត្រូវដំណើរការបូកសរុប និងគូរផ្គងតួរលេខ នៃការអនុវត្តចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្ត ឆ្នាំ២០២៤ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឱ្យបានឆាប់ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវផ្ញើរបាយការណ៍ស្តីពីការបិទបញ្ជីថវិកាដោយមានភ្ជាប់នូវរបាយការណ៍បូកសរុបការងារអនុវត្តចំណូលចំណាយថវិកា មកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីធ្វើការបូកសរុប និងរៀបចំនូវរបាយការណ៍សម្រេចទូទាត់ថវិការបស់រដ្ឋបាលខេត្តនឹងដាក់បញ្ចូលទៅក្នុងជំពូកមួយនៃសេចក្តីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤នេះ។
ក្នុងកិច្ចប្រជុំនោះលោកអភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរ ថ្នាក់ ស្រុក ក្រុង ឃុំសង្កាត់ទាំងអស់ ស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋាភិបាលថ្នាក់ខេត្ត ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍រៀបចំគម្រោងថវិកាឆ្នាំ២០២៤ របស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងសាកសិទ្ធិភាពធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននឹងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ខេត្ត។
លោកបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ខេត្ត តាមលក្ខខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២៤ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយផងដែរ៕