(ភ្នំពេញ)៖ លោក ម៉េង ហេង អតីតស្ថាបនិកអង្គការមេតាធម្មជាតិ និងជាប្រធានអង្គការមេត្តាធម្មជាតិ បានបង្ហាញការសោកស្តាយចំពោះរឿងអតីតកាលដែលខ្លួន រួមជាមួយយុវជនផ្សេងទៀតបានចាញ់បោកជនបរទេស ដោយយករូបភាពបរិស្ថានធ្វើជារបៀបវារៈនយោបាយ ដើម្បីធ្វើសកម្មភាពបំផ្លាញរដ្ឋាភិបាលស្របច្បាប់ និងអំពាវនាវដល់យុវជនឱ្យឈប់ចាញ់ល្បិចរបស់ជនបរទេស ហើយងាកមកប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើសកម្មភាពលើវិស័យបរិស្ថាន ដោយស្របច្បាប់វិញ។
ក្នុងឱកាសផ្តល់បទសម្ភាសជាមួយក្រុមការងារព័ត៌មាន Fresh News នៅទីតាំងស្តង់តាំងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ដែលរៀបចំដោយក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ នៅទីស្តីការក្រសួងបរិស្ថាន, លោក ម៉េង ហេង បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ ហើយកន្លងមកខ្ញុំចាញ់កលនយោបាយរបស់ជនបរទេស ធ្វើសកម្មភាពបរិស្ថានខុសច្បាប់ ជាពិសេសយករូបភាពបរិស្ថានជ្រក ដើម្បីធ្វើសកម្មភាពនយោបាយ បង្កើតជាបដិវត្តន៍ពណ៌ ទៅថ្ងៃក្រោយ»។
អតីតស្ថាបនិកចលនាមេតាធម្មជាតិ បានគូសបញ្ជាក់ថា បន្ទាប់ពីភ្ញាក់ខ្លួនក្រោយចាញ់កលល្បិចនយោបាយជនបរទេស ហើយងាកមកចូលរួមធ្វើសកម្មភាពលើវិស័យបរិស្ថានជាមួយរាជរដ្ឋាភិបាលវិញ គឺមានផលចំណេញជាច្រើនសម្រាប់ធ្វើសកម្មភាពផ្នែកបរិស្ថាននេះឱ្យកាន់តែពេញដៃ ពេញជើង ជាពិសេសសកម្មភាពស្រប់ច្បាប់របស់ក្រុមអង្គការមេត្តាធម្មជាតិនេះ មិនបង្កភាពអនាធិបតេយ្យ ដូចពីអតីតកាល (ចលនាមេតាធម្មជាតិ)។
«យើងដឹងខ្លួន យើងកែកំហុសត្រឡប់ក្រោយបាន ហើយបង្កើតអង្គការថ្មីមួយ ដើម្បីការពារបរិស្ថាន ស្របតាមច្បាប់ អ៊ឹចឹងយើងនៅមានឱកាសសម្រាប់ដាំកូនឈើ និងការការពារបរិស្ថាន។ យើងចៀសវាងធ្វើអំពើខុសច្បាប់ ដូចយុវជនមួយចំនួនដែលត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារថ្មីៗនេះជាដើម»។ នេះជាការលើកឡើងរបស់លោក ម៉េង ហេង។
លោក ម៉េង ហេង បានសង្កត់ធ្ងន់ថា ចំពោះករណីសមត្ថកិច្ចឃាត់ខ្លួនយុវជនប៉ុន្មាននាក់ ថ្មីៗនេះ តាមអំណាចដីការបស់តុលាការ ពីព្រោះយុវជនទាំងនោះបានធ្វើសកម្មភាពដោយខុសច្បាប់ការការគូសវាសរបស់ អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដូច្នេះ ករណីនេះលោកបានមើលឃើញថាមានប្រជាជនតិចតូចបំផុតយល់ឃើញថាការឃាត់ខ្លួនក្រុមចលនានេះ ជាការរំលោភបំពានសិទ្ធិមនុស្សតែប៉ុណ្ណោះ។
លោក ម៉េង ហេង បានបន្ថែមថា៖ «យើងកុំទាន់ក្តៅក្រហាយនៅពេលឃើញសមត្ថកិច្ចចាប់ខ្លួនក្រុមយុវជន ធ្វើសកម្មភាពខុសច្បាប់ដែលមានអាឡិច នៅពីក្រោយខ្នង ហើយយើងចង់ចាប់ផ្តើមធ្វើសកម្មភាពខុសច្បាប់ដែរ យើងត្រូវគិតថារូបភាពការពារបរិស្ថាន មានច្រើន»។
ធ្លាប់តែប្រឆាំងរឿងបរិស្ថាន, លោក ម៉េង ហេង បានបង្ហាញការរំភើបជាខ្លាំងបន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍ «ពន្លកបៃតង» ដែលរៀបចំដោយក្រសួងបរិស្ថាន ដោយបានមើលឃើញពីសកម្មភាពជំរុញការចែកឈើចម្រុះ ជាសេសមានការចូលរួមយ៉ាងខ្លាំងពីសំណាក់មន្ត្រីរាជការ និងប្រជាពលរដ្ឋ មកទទួលយកកូនឈើទៅដាំនៅតាមគេហដ្ឋាន និងទីសាធារណៈផ្សេងទៗទៀត។
ក្នុងនាមជាយុវជនគួរលុបបំបាត់ឱ្យអស់រូបភាពរិះគន់ វាយប្រហារ លាភពណ៌នូវព័ត៌មានមិនពិតមកលើរាជរដ្ឋាភិបាល។ ការលាភពណ៌នេះជារូបភាពមួយអាក្រក់បំផុត។ ដូច្នេះ សូមយុវជនទាំងអស់បើកចិត្តឱ្យទូលាយ ដើម្បីរួមគ្នាមកអភិវឌ្ឍន៍ប្រទេសជាតិ។
លោក ម៉េង ហេង បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ដែលធ្លាប់ស្តាប់ការឃោសនារបស់យុវជនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកាន់តែច្រើនឡើងបានយល់ច្បាស់ពីគុណតម្លៃរបស់រាជរដ្ឋាភិបាល ដែលបានធ្វើកិច្ចការគ្រប់បែបយ៉ាងណាដើម្បីប្រទេសជាតិ រួមទាំងកិច្ចការពារ អភិរក្សធនធានធម្មជាតិ ដែលផ្ទុយស្រឡះពីការផ្សព្វផ្សាយនូវព័ត៌មានមិនពិតទាំងនោះ៕