(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានចូលរួមដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រៀបចំដោយក្រសួងបរិស្ថាន ដែលមានរយៈ៣ថ្ងៃ ចាប់ថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន។
ពិព័រណ៍នេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមផ្ទាល់ពីលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំពីស្ថានប័ននានា សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។
លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ថ្ងៃនេះកាកបាទក្រហមកម្ពុជា បានចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីប្រារព្ធទិវាពន្លកបៃតង។ កិច្ចការងារនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទោះលោកមិនបានអញ្ជើញមកដោយផ្ទាល់ តែលោកបានចាត់សហការី ដើម្បីចូលរួមដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤។
ជុំវិញការដាំឈើនេះ លោកស្រីបានរម្លឹកថា «កាលពីឆ្នាំ១៩៩៩ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានកសាងនូវឧទ្យានសហវត្សរ៍មួយយ៉ាងធំ នៅខេត្ដសៀមរាប ដែលមានដាំឈើជាច្រើនពាន់ដើម មកទល់នឹងបច្ចុប្បន្ន ដើមឈើទាំងនេះមានអាយុកាលជាង២៤ឆ្នាំហើយ នេះជាស្នាមព្រះហស្ដ របស់ព្រះវររាជមាតាជាតិខ្មែរ និងបញ្ញាញ្ញាណដ៏ឈ្លាសវៃ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកយកឆ្លងទស្សវត្សរ៍ ១៩៩៩ មកទស្សវត្សរ៍ ២០០០ ធ្វើឧទ្យានមួយដ៏ធំ នៅខេត្ដសៀមរាប។ តាំងពីនោះមក សម្រាប់ការដាំដើមឈើរបស់កាកបាទក្រហមកម្ពុជា គឺយើងបានធ្វើជារៀងដរាបមក ទាំងនៅថ្នាក់កណ្ដាល និងថ្នាក់សាខាទាំង២៥ រាជធានីខេត្ដ គឺបង្កើតសកម្មភាពដាំឈើនេះ»។
ចំពោះនៅថ្នាក់កណ្ដាលវិញ គឺបានប្រារព្ធទិវាដាំឈើនេះជាច្រើនក្នុងមួយឆ្នាំៗ ជាពិសេសនៅក្នុងរុក្ខាទិវានេះ គឺកាន់តែពន្លឿនការដាំឈើនេះ ឱ្យបានកាន់តែច្រើន «គិតត្រឹមឆ្នាំ២០២៤នេះ គឺដាំដើមឈើបានជាង ៤ម៉ឺនដើមហើយសម្រាប់តែកាកបាទក្រហមកម្ពុជា ដែលដាំនៅតាម ២៥រាជធានីខេត្ដ ដោយខ្លះជ្រើសដាំនៅសាលារៀន ខ្លះនៅតាមបរិស្ថានសាធារណៈ ហើយសម្រាប់កាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល គឺជ្រើសយកទីតាំងដែលមានអត្ថន័យបំផុត គឺដាំនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ។
លោកស្រីគូសរម្លឹកថា កាលពីឆ្នាំ២០២៣កន្លងទៅ ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំរៀបចំពិធីដាំដើមឈើនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»ផងដែរ ដែលដំាឈើរាប់ពាន់ដើមនៅទីនោះ។ ជាបន្ដបន្ទាប់នៅឆ្នាំនេះ យើងក៏បានបើកយុទ្ធនាការស្ដីពី «រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង» នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងនៅខេត្ដសៀមរាបផង។
ដូច្នេះសកម្មភាពដាំឈើនេះ គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស គឺបានគិតគូរជាមុន និងគ្រប់ជ្រុងជ្រោយ ពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ សង្គមជាតិ និងពិភពលោកទាំងមូល។
ក្នុងឱកាសដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤នេះផងដែរ កាកបាទក្រហមកម្ពុជា នឹងចែកដើមឈើដែលក្រសួងបរិស្ថានបានប្រគល់ឱ្យ ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិព័រណ៍នេះ ដែលក្នុងម្នាក់ បានចំនួន ១០ដើម។ ជាងនេះទៅទៀតឆ្លៀតក្នុងឱកាសនេះ កាកបាទក្រហមកម្ពុជា ក៏មានការផ្សព្វផ្សាយពីការថែរក្សាសុខភាពឱ្យបានល្អ ដែលធននឹងអាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ យកចិត្ដទុកដាក់សុខភាពផ្ទាល់ខ្លួន ក៏ដូចជាសុខភាពសាធារណៈ។
យុវជនម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិព័រណ៍ខាងលើនេះ និងបានចូលរួមឆ្លើយសំណួរពីចំណេះដឹងទូទៅពីការផ្សព្វផ្សាយពីបញ្ហាសុខភាព ចរាចរណ៍ និងបរិស្ថាន របស់កាកបាទក្រហមកម្ពុជា បានសម្ដែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងគំាទ្រពេញទំហឹងចំពោះកម្មវិធីនេះ។
កម្មវិធីផ្សព្វផ្សាយខាងលើនេះផងដែរ ក៏មានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំក៏បានចូលរួមចាប់សំណួរឆ្លើយយករង្វាន់ ដែលមានបរិយាកាសយ៉ាងសម្រាប់រីករាយផងដែរ។
សម្រាប់យុវជនស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា ដែលនៅប្រចាំការនៅស្ដង់ពិព័រណ៌ខាងលើ ក៏បានអំពាវនាវដល់បងប្អូនរួមជាតិ សូមអញ្ជើញមកចូលរួមទស្សនានូវការតាំងពិព័រណ៌ខាងលើនេះ ឱ្យបានច្រើនកុះករបន្ថែមទៀត ពិសេសមកស្ដង់តាំងពិព័រណ៌របស់កាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយសំណួរចំណេះដឹងទូទៅ និងទទួលបានរង្វាន់ពីកាកបាទក្រហមកម្ពុជា៕