(កោះកុង)៖ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដោយមានការចូលរួមក្រោមវត្តមាន លោក អន សុធារិទ្ធិ អភិបាលរងខេត្ត អាជ្ញាធរក្រុងចៅសង្កាត់ទាំង៣ ក្នុងក្រុងខេមរភូមិន្ទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការផ្សព្វផ្សាយជូនដំណឹងដល់ស្ថាប័នរដ្ឋ វិស័យឯកជន វត្តអារាម គ្រឹះស្ថានអប់រំសិក្សា សាធារណជន និងអង្គការផ្សេងៗឱ្យបានជ្រាបថា មន្ទីរបរិស្ថានខេត្ត នឹងរៀបចំពិធីផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានទីតាំងនៅមន្ទីរបរិស្ថានខេត្ត ស្នាក់ការឧទ្យានុរក្សបទុមសាគរ និងស្នាក់ការឧទ្យានុរក្សកណ្តាលឬស្សីជ្រុំ (ស្រុកថ្មបាំង) ខេត្តកោះកុង។
លោក អន សុធារីទ្ធិ បានឡើងថា លោកមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានតាមបណ្តាខេត្តនានា បានយកចិត្តទុកដាក់ទៅវិស័យបរិស្ថាន ដែលគោលការណ៍ដ៏សំខាន់ ផ្នែកក្នុងការថែរក្សាបរិស្ថាន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងការពារសុខភាពប្រជាពលរដ្ឋនិងការពារគ្រោះធម្មជាតិ។ល។
លោកអភិបាលរងរូបនេះ បានបន្តថា ពិធីនេះរៀបចំឡើងដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរ អង្គភាព ទីកន្លែងសាធារណៈ និងទីតាំងឯកជន នានាដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅខេត្តកោះកុង និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះ ពីគ្រប់ភាគីពាក់ព័ន្ធ ម៉្យាងទៀត ដើម្បីឲ្យស្របនឹងយុទ្ធសាស្ត្រវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្ដោតលើ មុំយុទ្ធសាស្ត្រចំនួន ៣គឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បង គឺលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈ ភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ និង ធ្វើការប្រឡងប្រណាំងគ្រប់បណ្តាខេត្ត ដើម្បីទទួលរំដួល៣ទងដូចខេត្តផ្សេងៗផងដែរ។
កូនឈើដែលមន្ទីរបរិស្ថាន បានបណ្តុះរួចរាល់ហើយ សម្រាប់ចែកជូនទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ មន្ទីរអង្គភាព វត្តអារាម សាលារៀន មានចំនួន ១៥ម៉ឺនដើម មានកូនឈើគ្រប់ប្រភេទ។
លោក ហ៊ុន ម៉ារ៉ាឌី បន្ថែមថា មន្ទីរបរិស្ថានមិនតម្រូវឲ្យបង់លុយនោះទេ ហើយក្នុងម្នាក់ៗទទួលបាន៥ដើម ទៅតាមតម្រូវចិត្តចង់បានប្រភេទកូនឈើ។ លោកក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋរួម និងមន្ទីរាជការរួមគ្នាដាំកូនឈើឲ្យបាន១ដើម និងចូលរួមថែរក្សាបរិស្ថានដើម្បីលើកស្ទួយផ្នែកវិស័យទេចរណ៍ មានសុខភាពល្អនិងការពារគ្រោះធម្មជាតិបរិស្ថានល្អ មានកំណើនភ្ញៀវជាតិ អន្តរជាតិ និងជួយកាត់បន្ថយគ្រោះធម្មជាតិផងដែរ៕