(ស្វាយរៀង)៖ លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅឃុំធ្មា និងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីដោះស្រាយ និងទទួលសំណូម អំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឱ្យទាន់ពេលវេលា។

ពិធីនេះមានការចូលរួមពី លោកស្រី យ៉ក់ ស៊ីណាត អភិបាលរងបាលខេត្តស្វាយរៀង លោក សៅ វណ្ណា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកហែម សុីណា អភិបាលស្រុករំដួល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ និងប្រជាពលរដ្ឋចំនួន ២៧៩នាក់ ប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងចូលរួមយ៉ាងផុសផុលរហូតទទួលបានសំណួរ និងសំណូមពរពីប្រជាពលរដ្ឋនៅឃុំធ្មា ចំនួន១៣ និងនៅឃុំកំពង់អំពិល ចំនួន៦ សរុបទាំងពីរឃុំ ចំនួន១៩ ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរខេត្តដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយផងដែរ។

លោកស្រី វី ស្រីពៅ បានថ្លែងថា កម្មវិធីវេទិកាសាធារណៈថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីដោះស្រាយ និងទទួលសំណូមពរអំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឱ្យទាន់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកស្រីបានបន្តថា ក្នុងនាមក្រសួងអធិការកិច្ចសូមថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការល្អ ព្រមទាំងបង្កលក្ខណៈងាយស្រួលឱ្យក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀង បានរៀបចំវេទិកាសាធារណៈ នេះឡើងប្រព្រឹត្តទៅដោយរលូន និងភាពសកម្ម ស្ថិតនៅក្នុងបរិវេណសាលាឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង នាពេលនេះផងដែរ៕