(ស្វាយរៀង)៖ បុរស៣នាក់ ក្នុងចំណោម៩នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅស្រុកស្វាយជ្រុំ។

លោក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ថា កាលពីវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះមានទីលំនៅភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើជនសង្ស័យ៣នាក់ មានទីលំនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំថា បានជិះម៉ូតូដេញកាប់ខ្លួន នៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បណ្ដាលឲ្យដួលម៉ូតូ និងមានរបួសស្នាម។

លោកអធិការបានបន្តថា ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងបានស្ដាប់ការ បំភ្លឺពីជនរងគ្រោះ បានឆ្លើយរៀបរាប់ថា ខ្លួនបានជិះម៉ូតូចេញពីធ្វើការរោងចក្រកង់ឡាននៅខ្ជាយ រហូតចំណុចផ្សារអូសំដី ឃុំពោធិរាជ ស្រាប់តែជួបជនសង្ស័យទាំង៣នាក់ និងបក្ខពួក២ទៅ៣នាក់ទៀត មិនស្គាល់ឈ្មោះ កំពុងតែឈរនៅលើផ្លូវកៅស៊ូមុខផ្ទះតារាងបាល់ទះ ខ្លួនក៏ជិះម៉ូតូតាមបណ្តោយផ្លូវទៅទិសខាងជើង ស្រាប់តែជនសង្ស័យមានគ្នា៣នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកវីន័រអ៊ិចឌុបគ្នា ដេញតាមខ្លួនពីក្រោយរហូតដល់ចំណុចភូមិទៃយា ឃុំធ្លក  បានធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់មកលើរូបខ្លួន ពេលនោះខ្លួនបានជិះម៉ូតូគេចចេញបណ្ដាលឲ្យដួលម៉ូតូខូចខាត និងមានរបួសស្នាម។ ភ្លាមនោះជនសង្ស័យទាំង៣នាក់ បានជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់តែម្ដង។

ក្រោយពីបានស្ដាប់ការបំភ្លឺ ពីជនរងគ្រោះរួចហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់បានជនសង្ស័យម្នាក់ នៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងបាននាំខ្លួនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៧យប់ បក្ខពួកខ្លួនមានគ្នាចំនួន៩នាក់ បានបបួលគ្នាជិះម៉ូតូ៤គ្រឿងឌុបគ្នាទៅលេងនៅក្រុងស្វាយរៀង លុះដល់ម៉ោង ១០និង៣០យប់ ពួកខ្លួនបានជិះមកដល់ចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅភូមិអូសំដី ឃុំពោធិរាជ ភ្លាមនោះស្រាប់តែឃើញម៉ូតូ១គ្រឿង ម៉ាកហុងដា ជិះមកពីទិសខាងត្បូង ពេលនោះមានក្រុមបក្ខពួកខ្លួន បានជិះម៉ូតូឌុបគ្នា ដេញតាមជនរងគ្រោះពីក្រោយរហូតដល់ភូមិទៃយា ឃុំធ្លកក៏បានហូតខ្សែក្រវាត់ពីចង្កេះម្នាក់មួយ វាយទៅលើជនរងគ្រោះបណ្ដាលឲ្យដួលម៉ូតូនៅលើផ្លូវខូចខាត និងមានរបួសស្នាមមែន។

បន្ទាប់មកពួកខ្លួនទាំង៣នាក់ បានជិះម៉ូតូមកជួបជុំគ្នាវិញ ក៏បបួលគ្នាជិម៉ូតូទៅលេងនៅក្រុងស្វាយរៀងម្តងទៀត ទៅយកកាំបិតផ្គាក់របស់ពួកខ្លួនដែលលាក់ទុកនៅផ្លូវពេទ្យអនាម័យក្រុងស្វាយរៀង ពេលយកកាំបិតផ្គាក់បាន ហើយក៏នាំគ្នា ដើរលេងរហូតដល់វេលាម៉ោង២និង០០នាទីយប់ឆ្លងចូលថ្ងៃទី០៧ ក៏នាំគ្នាជិះមកផ្ទះវិញ ក៏បានឲ្យកាំបិតផ្គាគ់យកទៅលាក់ទុក។

ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចហើយ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅដកហូតវត្ថុតាងដែលយកលាក់ទុកនៅផ្ទះយាយនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ បានកាំបិតផ្គាគ់ចំនួន០១ ដាវចំនួន០២ ដែលជាវត្ថុតាងលាក់ទុកសំរាប់ធ្វើសកម្មភាព។ 

បន្ទាប់សមត្ថកិច្ចបានសាកសួរជនសង្ស័យបន្តទៀត ក៏បានឆ្លើយសារភាពថា បក្ខពួកខ្លួនកន្លងមកធ្លាប់កាន់ដាវ និងកាំបិតជិះម៉ូតូដើរលេងនៅក្រុងស្វាយរៀង និងធ្លាប់ដេញកាប់ក្រុមក្មេងទំនើងនៅផ្សាជីភូ ដែលដើរលេងយប់ជាច្រើនលើកដែរ។ 

ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់រួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ព្រមទាំងចាប់យកវត្ថុតាងកសាងសំណុំរឿងចាត់ការតាមច្បាប់។

លោកអធិការតាមបញ្ជាក់ថា ចំពោះបក្ខពួក៦នាក់ទៀត បានរត់គេចខ្លួនបាត់ពីមូលដ្ឋាន។ កន្លងមកក្រុមទាំង៩នាក់ ដែលមានឈ្មោះខាងលើនេះក៏ធ្លាប់កាន់ដាវ និងកាំបិតដើរបង្កអុកឡុកនៅឃុំពោធិរាជ ឃុំធ្លក និងដូនស នៅក្នុងស្រុកស្វាយជ្រំផងដែរ៕