(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់ចេញនូវបទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្ដវិធានការម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង ដែលតែងបង្កការអុកឡុកយ៉ាងអនាធិបតេយ្យនៅក្នុងមូលដ្ឋាន ហើយបង្កើតបានជាក្ដីកង្វល់ដល់ប្រជាពលរដ្ឋ។

បទបញ្ជារបស់អភិបាលខេត្តតាកែវ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ។

លោក វ៉ី សំណាង បានអះអាងថា កន្លងទៅក្រុមក្មេងទំនើងតែងតែងបង្កភាពអនាធិបតេយ្យ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈដេញវាយកាប់ចាក់គ្នាជារឿយៗ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានភាពភ័យខ្លាច ដូច្នេះដើម្បីលុបបំបាត់ក្រុមក្មេងទំនើងទាំងអស់នេះ។

លោកបានសង្កត់ធ្ងន់ថា សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតាមដានរាល់សកម្មភាពអុកឡុកផ្សេងៗ របស់ក្រុមក្មេងទំនើងទាំងអស់នោះ និងកំណត់មុខសញ្ញាទីតាំង ហើយធ្វើការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានណែនាំឲ្យពង្រឹងយកចិត្តទុកដាក់លើបញ្ហាគ្រឿងញៀន និងទប់ស្កាត់រាល់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ព្រោះគ្រឿងញៀនបង្កឲ្យមានអំពើហឹង្សា និងក្រុមក្មេងទំនើងនេះកើតឡើងផងដែរ៕