(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងលើកទិសដៅការងារ របស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC)។ កិច្ចប្រជុំនេះមានការចូលរួមពី សមាជិក សមាជិកាក្រុមការងារសមាគម និងគ្រូបង្រៀនខ្មែរឥស្លាម តាមបណ្តារាជធានីខេត្ត ប្រមាណ៩០នាក់ និងតាមប្រព័ន្ធ Zoom ១៣០នាក់។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាប្រធានកិត្តិយស និងលោកស្រី អាស៊ីយ៉ះ អាលី អូស្មាន ជាប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ជូនដល់អង្គប្រជុំ ជាទីនឹករលឹកបំផុត។ លោកលើកឡើងថា ស្ត្រីគឺជាតួអង្គដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម ដោយពួកគេមានតួនាទីជាច្រើន ក្នុងការមើលថែក្រុមគ្រួសារ ព្រមទាំងចូលរួមបម្រើការងារផ្សេងៗទាំងនៅក្នុងវិស័យរដ្ឋ និងឯកជន ដោយនៅក្នុងផ្នែកខ្លះស្រ្តីអាចធ្វើបានល្អជាងបុរសផងដែរ។

លោកបានបន្ដថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត តែងតែលើកទឹកចិត្តដល់គ្រប់ស្ថាប័នទាំងអស់ គឺនៅពេលដែលមានការតែងតាំង សូមឲ្យលើកកម្ពស់ការតែងតាំងស្ត្រី ឲ្យមានតួនាទីក្នុងស្ថាប័ននានា។ លោកបានរំលេច ពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍ សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ជាក់ស្តែង សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ ក្នុងនោះក៏មានស្ត្រីមួយចំនួន។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានកោតសសើរ និងគាំទ្រ ចំពោះរាល់សកម្មភាពសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នៅក្នុងសង្គម ក៏ដូចជាក្នុងសហគមន៍ ដូចជាការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត ជួយប្រជាពលរដ្ឋក្រីក្រ និងសកម្មភាពជាច្រើនទៀត ដែលបាននឹងកំពុងចូលរួមអភិវឌ្ឍសង្គម ជាមួយរាជរដ្ឋាភិបាល។

ទន្ទឹមគ្នានេះ លោកបានផ្តល់អនុសាសន៍មួយចំនួនដល់សមាជិក សមាជិកាសមាគម ត្រូវបន្តសហការគ្នារៀបចំផែនការរយៈពេលវែង ពេលខ្លី រៀបចំក្រុមការងារតាមផ្នែកនីមួយៗ និងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ខិតខំរិះរកការគាំទ្រពីសប្បុរជននានាទាំងក្នុង និងក្រៅប្រទេស ក្នុងការជំរុញឲ្យសមាគមមានការរីកចម្រើន និងរឹងមាំបន្ថែមទៀត ដើម្បីចូលរួមបម្រើសកម្មភាពមនុស្សធម៌ សម្រាប់សង្គមជាតិ និងសហគមន៍ទាំងមូល។

តាមរបាយការណ៍របស់លោកស្រី ម៉ាន ចិន្តា អនុប្រធានប្រចាំការសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានឲ្យដឹងថា សមាគមត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានកិត្តិយស និងលោកស្រី អាស៊ីយ៉ះ អាលី អូស្មាន ជាប្រធាន និងសមាសភាពសមាជិកាជាស្រ្តីថ្នាក់ដឹកនាំ ក្នុងរាជរដ្ឋាភិបាលជាសមាជិកសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការបន្ថែមពីនេះក៏មានស្រ្តីមានតួនាទីក្នុងវិស័យធុរកិច្ច ជាសាស្រ្តាចារ្យ គ្រូបង្រៀន និងបញ្ញវ័ន្តនានា មកពីបណ្តា រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កន្លងមកសមាគមចុះជួយប្រជាពលរដ្ឋនៅពេលជួបគ្រោះភ្លើងឆេះផ្ទះ គ្រោះទឹកជំនន់ ផ្ដល់អណ្ដូងទឹកស្អាត ចែកគោគួរបាន ផ្តល់កញ្ចប់អាហារដល់ប្រជាពលរដ្ឋក្រីក្រ ផ្តល់អាហាររូបករណ៍ដល់និស្សិត ឲ្យមានឱកាសសិក្សាទាំងក្នុង និងក្រៅប្រទេស ចែកកង់ដល់សិស្សានុសិស្សចំនួន៣០០កង់ រៀបចំវគ្គបណ្តុះបណ្តាលខ្លី សិក្ខាសាលា និងសន្និសីទ ហើយនាពេលថ្មីៗនេះបានដាក់ដំណើរការនូវ គម្រោង «ការបង្កើតប្រាក់ចំណូលប្រកប ដោយចីរភាពសម្រាប់គ្រួសារជនបទតាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា» នៅខេត្តកំពង់ធំ៕