(ព្រះវិហារ)៖ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំយកសម្ភារមួយចំនួន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់កម្លាំងរបស់ផ្នែកសឹករងឆែប ដែលកំពុងបំពេញបេសកកម្មបង្ក្រាបបទល្មើសកាប់បំផ្លាញព្រៃឈើរបស់រដ្ឋ នៅទិសកំពុងស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងប្រាប់កងកម្លាំងទាំងអស់របស់ផ្នែកសឹករងឆែប ដែលកំពុងឈរជើងទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទិសកំពុងស្រឡៅ ជាប់ព្រំដែនប្រទេសឡាវ ពីការគិតគូរយកចិត្តទុកដាក់គ្រប់កាលៈទេសៈពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជការកងទ័ពជើងគោក មកលើកងកម្លាំងកងទ័ពទាំងអស់ និយាយដោយឡែកកងកម្លាំងរបស់យើង ដែលកំពុងបំពេញបេសកកម្មបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីនេះ។
លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានថ្លែងណែនាំ និងដាក់បទបញ្ជាបន្ថែម ដល់កម្លាំងផ្នែកសឹករងឆែបទាំងអស់ដែលកំពុងបំពេញបេសកកម្មបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទីនេះ ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ពិសេគោរពអនុវត្តបទបញ្ជាឱ្យមានប្រសិទ្ធិភាព ដើម្បីការពារបាននូវសម្បត្តិធនធានធម្មជាតិរបស់យើង កុំឱ្យរងការបំផ្លិចបំផ្លាញដោយក្រុមជនឈ្លាតឱកាសមួយចំនួនតូច៕