(ភ្នំពេញ)៖ មនុស្សប្រុសស្រី ចំនួន៦នាក់ ដែលជាអ្នកលក់ដូរក្បែគ្នា ហើយបានទាស់ពាក្យសម្ដី រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាទៅវិញទៅមក ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងនៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅផ្លូវ១០០៣ ក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ភាគីទី១៖មានឈ្មោះ ហ៊ុន រស់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន) និងឈ្មោះ ថន ស្រី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន) អ្នកទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធ មានទីលំនៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកភាគីម្ខាងទៀតរួមមាន ​ឈ្មោះ រ៉ន ផល ភេទស្រី អាយុ៣២ឆ្នាំ ​មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកឫស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន), ឈ្មោះ គ្រុយ ក្រូច អាយុ៤២ឆ្នាំ ​មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកឫស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន), ឈ្មោះ ថន វិច្ឆិកា អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន) និងឈ្មោះ ហ៊ុល កុសលសំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ​មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម ផ្លាកលេខបាត់ដំបង1AD-7598, ម៉ូតូ Citi ១០០ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1BU-9901 សណ្ដោងរឺម៉ក (របស់ឈ្មោះ ថន វិច្ឆិកា), ម៉ូតូ Citi ១០០ចាស់ គ្មានផ្លាកលេខ សណ្ដោរឺម៉កពណ៌ក្រហម (របស់ឈ្មោះ ហ៊ុន រស់) និងម៉ូតូ Honda C125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1HC-8573 សណ្ដោងរឺម៉កពណ៍បៃតង (របស់ឈ្មោះ គ្រុយ ក្រូច)។

​សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃកើតហេតុឈ្មោះ ថន ស្រី បានឈ្លោះប្រកែកពាក្យសម្ដីរឿងកន្លែងលក់ដូរជាមួយឈ្មោះ រ៉ន ផល ដែលជាអ្នកលក់ដូរក្បែគ្នា ហើយអ្នកទាំងពីបានវាយប្រតាយប្រតបគ្នាទៅវិញទៅមក ក៏រអិលធ្លាក់ទឹកប្រឡាយឃើញដូច្នោះបក្ខពួកទាំងសងខាង បានចូលទៅជួយវាយគ្នាទៅវិញទៅមកបន្ថែម បណ្ដាលឲ្យរងរបួសទាំងសងខាង ភ្លាមៗកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ឃាត់បំបែកគ្នា និងបាននាំភាគីទាំងសងខាងមកប៉ុស្តិ៍តែម្ដង​។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានព្រះរាជអាជ្ញា ទី មុនិន្ទ សម្រេចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕