(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំស្តីពី វិធានការផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបញ្ជាឱ្យមន្រ្តីរាជការ កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចុះពង្រឹងការងារទាំងនេះ ឱ្យបានខ្ជាប់ខ្ជួនជូនប្រជាពលរដ្ឋ ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខ។
កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីស្នងការរងខេត្ត, អធិការ អធិការងក្រុង-ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង ដោយបានផ្សព្វផ្សាយសេចក្តីណែនាំ លេខ០១២ ស.ណ.ន របស់អគ្គស្នងការនគរបាលជាតិស្តីពី វិធានការផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ រក្សាប្រពៃណីទំនៀមទំលាប់ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានជួបជុំញាតិមិត្ត ក្នុងបរិយាកាសសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងកឋិនទាន ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។
លោកឧត្តមសេនីយត្រី បានដាក់ចេញនូវផែនការ និងវិធានការសំខាន់ៗមួយចំនួន សំដៅធានាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីស្នើឱ្យកម្លាំងនគរបាលទាំងអស់ នៅតាមគោលដៅសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងប្រជាការពារដែលមានភារកិច្ចការពារ ក្នុងពីធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន បង្កើនស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់៕