(ព្រៃវែង)៖ លោក ជួប រតនា រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឌុច គន្ធា អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីនអភិបាលខេត្តព្រៃវែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងការងារទឹកស្អាត-អនាម័យ (PWG) និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការចូលរួមលោក ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងមានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង-ស្រុក ទាំង១៣ លោក លោកស្រី ប្រធាន​ អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីក្រុមការងា ​PWGs. អង្គការដៃគូ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ទាំង​១៣ក្រុង-ស្រុក និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទសរុប៨១នាក់។

នៅក្នុងឱកាសនោះលោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានគោរពរាយការណ៍ជូននូវរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារឆមាសទី១ និងការងារទឹកស្អាត-អនាម័យ(PWG)  និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤។

ជាមួយគ្នានេះលោកឌុច គន្ធា បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានយកអស់កម្លាំងកាយ និងស្មារតី សហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងអង្គការដៃគូ ក្នុងការបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យ និងស្នាដៃដ៏ធំធេងជាច្រើនជូនរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីចូលរួមចំណែក ជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ជួប រតនា បានថ្លែងពាំនាំការសួរសុខទុក្ខរបស់លោករដ្ឋមន្រ្តីដល់មន្ត្រីរាជការទាំងអស់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងថ្លែងអំណរគុណ រដ្ឋបាលខេត្តព្រៃវែង ដែលតែងតែគាំទ្រកម្មវិធីគោលនយោបាយ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសបានជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រឹតខ្ពស់ (ODF Plus) និងសមិទ្ធផលផ្សេងៗជាច្រើនទៀត និងសូមអរគុណ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចទៅតាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនលើការងារវិស័យអភិវឌ្ឍន៍ជនបទ ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តព្រៃវែង។

បន្ថែមលើសពីនេះ លោករដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ដឹកនាំតាម កម្មវិធីអាទិភាពរបស់ក្រសួង ចំនួន៤ជាអាទិ៍៖

*ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ
*ទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
*ទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
*ទី៤៖ ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស និងសូមកោតសរសើរ​ ការរៀបចំបរិស្ថានមន្ទីរ​ មានអនាម័យល្អ​ របៀបរៀបរយ​ ការិយាល័យ​ធ្វើការ សាលប្រជុំ​ បរិស្ថានជុំវិញមន្ទីរ​ និងបង្គន់អនាម័យ។​

លោករដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួន ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីមន្ទីរអភិវឌ្ឍន៏ចំនួន៨ ចំណុចសំខាន់ៗរួមមាន៖

*ទី១៖ ជាឆ្នាំរៀបចំផ្ទញះ ត្រូវពង្រឹងបរិស្ថានការងារ​ ក្នុងនោះ​មានការរៀបចំការិយាល័យធ្វើការឲ្យមានរបៀបរៀបរយ​ បរិស្ថានក្នុងបន្ទប់​ អាគារ​ បន្ទប់ទឹក​ ត្រូវស្អាត​ មានអនាមយ័ល្អ​ ហើយបន្តថែទាំសម្អាតជាប្រចាំ​។
*ទី២៖ គ្រឿងបរិក្ខារផ្សេងៗ ត្រូវមានការទុកដាក់ឲ្យបានត្រឹមត្រូវ​ តាមបន្ទប់​ ឃ្លាំ​ង ឫរោង​ និងយានយន្ត ត្រូវ​មានចំណត​ និងចតឲ្យ​មានសណ្តាប់ធ្នាប់។
*ទី៣៖ មន្ទីរត្រូវក្តាប់ឱ្យបាននូវកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍនជនបទ។
*ទី៤៖ បន្តអនុវត្តនការងារតាមកម្មវិធី​ អាទិភាពទាំងបួនឲ្យបានសម្រេចគោលដៅ​។
*ទី៥៖ បន្តសហការជាមួយអង្គការដៃគូលើការងាអនាមយ័​ និងទឹកស្អាតជនបទ​ និងលើកទឹកចិត្តអង្គការដៃគូអនុវត្តនគម្រោងឲ្យទទួល​បានជោគជ័យ ផ្តល់ផលប្រយោជន៍ដល់ប្រជាជនរស់នៅជនបទ​។
*ទី៦៖ បន្តសាមគ្គីភាព សុខដុមរមនា និងឯកភាពផ្ទៃក្នុង សហការការងារ​ចែករំលែក​ បទពិសោធ​ន៍ ចំណេះដឹង​ចំណេះធ្វើគោរពវិន័យម៉ោងការងារ។
*ទី៧៖ បន្តការផ្សព្វផ្សាយសមិទ្ធផលរបស់មន្ទីរ ក្រសួង​ឲ្យបានច្រើន និងជាប់រហូត​ តាមគ្រាប់មធ្យោបាយ​ ប្រព័ន្ធទំនាក់ទំនង​សង្គម តាម Page មន្ទីរ និងឯកជន​ មន្រ្តី​ និងចងក្រងជា​ វីឌីអូគ្រប់សមិទ្ធិផលដែលបានកសាង។​
*ទី៨៖ ត្រៀមរៀបចំ ថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោឱ្យបានអធិកអធមផងដែរ៕