(ភ្នំពេញ)៖ ព្រឹត្តិការណ៍តាំងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ដើម្បីចែកកូនឈើជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ នឹងក្លាយជាផ្នែកនៃការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។

សម្រាប់ព្រឹត្តិការណ៍នេះនឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងមួុយដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជនងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថាន ជាសេនាធិការក្នុងកិច្ចការងារគាំពារ ការពារ អភិរក្ស និងដាំស្តារព្រៃឈើឡើងវិញជាដើម។

ជាមួយគ្នានេះដែរ ក្រុមយុវជនដែលធ្វើសកម្មភាពលើវិស័យបរិស្ថាន ជាច្រើនបាននឹងកំពុងប្រកៀកស្មារជាមួយក្រសួងបរិស្ថាន ផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសបានចូលរួមដាំកូនឈើឡើងវិញនៅតាមតំបន់ព្រៃរេចរិល និងទីតាំងដែលរងការកាប់ទន្ទ្រានពីសំណាក់ក្រុមជនខិលខូចផងដែរ។

ក្នុងឱកាសចូលរួមតាំងបង្ហាញកូនឈើចម្រុះ ដើម្បីចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃជាមួយក្រសួងបរិស្ថាន ក្រុមយុវជនមកពីសមាគម១០០រាត្រី និងសមាគមពន្លឺព្រះច័ន្ទ បានបង្ហាញការប្តេជ្ញាចិត្តជាមួយរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ដើម្បីធ្វើយ៉ាងណាឱ្យដាំកូនឈើឡើងវិញឱ្យបានច្រើន តាមអ្វីដែលអាចធ្វើបាន។

លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី បានប្ដេជ្ញាចូលរួមសហការជាមួយក្រសួងបរិស្ថានបន្តដាំកូនឈើរហូតដល់ខែវិច្ឆកា ឆ្នាំ២០២៤នេះ ដើម្បីស្របតាមយុទ្ធនាការដែលបានដាក់ចេញ និងបន្តចូលរួមដាំកូនឈើយូរអង្វែងតទៅមុខទៀត។

ក្រុមយុវជន បានលើកឡើងថា ឆន្ទៈរបស់រាជរដ្ឋាភិបាល បានទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ជាពិសេសបានអប់រំប្រជាពលរដ្ឋឱ្យយល់ពីអត្ថប្រយោជន៍នៃការថែករក្សាព្រៃឈើឱ្យនៅគង់វង្សជាដើម៕

សូមទស្សនាវីដេអូការលើកឡើងរបស់ក្រុមយុវជនទាំងស្រុងដូចខាងក្រោម៖