(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១៦គ្រួសារ រស់នៅក្នុងភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម។

គូសបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្ត្រាក់នោះបានកើតឡើងកាលពីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដែលពេលនោះមានខ្យល់កន្រ្តាក់បក់គួចលាយឡំជាមួយភ្លៀងយ៉ាងខ្លាំង ធ្វើឲ្យផ្ទះ១៦ខ្នង ស្ថិតក្នុងភូមិកើតហេតុ រងការខូចខាតរបើកដំបូលស័ង្កសី និងរបើកក្បឿង ក្នុងនោះដែរមានផ្ទះ៧ខ្នង រងការខូចខាត កម្រិតធ្ងន់ និងផ្ទះ៩ខ្នងទៀត រងការខូចខាតកម្រិតស្រាល ប៉ុន្តែមិនបានប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋទេ។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ចូលរួមសម្ដែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេចមិនបានអញ្ជើញមកផ្ទាល់ ក៏សម្តេចតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់ជំនួយសង្គ្រោះបានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង៧គ្រួសារ ក្នុង១គ្រួសារ ទទួលបាន តង់២ និងថវិកា៤០០,០០០រៀល។ ចំពោះពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាល៩គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល។ ជាមួយគ្នានោះ អនុសាខាកាកបាទក្រហម ស្រុកកំពង់សៀម បានឧបត្ថម្ភបន្ថែមជនរងគ្រោះទាំង១៦គ្រួសារ ក្នុងមួយគ្រួសារថវិកា ៤០.០០០រៀលផងដែរ៕