(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកជាផ្លូវការ «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២»។ ពិធីនេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍ «ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» កើតចេញពីការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែជំរុញ និងលើកទឹកចិត្តដល់វិស័យកីឡាជាតិ ក៏ដូចជាការរៀបចំការប្រកួតនាថ្ងៃនេះផងដែរ។
ការប្រកួតនេះធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ «អូឡាំពិក» ដែលមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១, ១២, ១៣ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកួតនេះ មានប្រតិភូកីឡាសរុបចំនួន ២០៤នាក់ ក្នុងនោះ អត្តពលិក ១០១នាក់, ប្រតិភូ ៣០នាក់, អាជ្ញាកណ្ដាល-ចៅក្រម, សិក្ខាកាមអាជ្ញាកណ្ដាល-ចៅក្រម ៥០នាក់, គ្រូបង្វឹក ២៣នាក់ និងគ្រូឧទ្ទេសវគ្គបណ្តុះបណ្តាល៣នាក់។
ការចុះឈ្មោះចូលរួមប្រកួតមានចំនួនសរុប ១២ប្រទេស និង៣តំបន់ (រួមមាន៖ កម្ពុជា, ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ថៃ, ហ្វីលីពីន និងសិង្ហបុរី) ៣តំបន់ គឺ ចិនហុងកុង, ចិនតៃប៉ិ និងចិនម៉ាកាវ)។
អត្តពលិកដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៨ នឹងទទួលបានសិទ្ធិចូលរួមការប្រកួត Asian Indoor and Martial Arts Games នាខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅប្រទេសថៃ។
ដោយឡែកសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានសម្រិតសម្រាំង និងជ្រើសរើសកីឡាករ កីឡាការិនីល្បីៗចំនួន ១៦នាក់ មកចូលរួមប្រកួតលើ ១៦វិញ្ញសា ដោយមានកីឡាករចំនួន ១១រូប និងកីឡាការិនីចំនួន ៥រូប មកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, គុនល្បុកតោ និងយុទ្ធគុនចម្រុះកម្ពុជា៕