(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ទីតាំងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច ដំណើរការនិតិកម្មក្រុមប្រឹក្សាធម្មនុញ្ញ តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងគោលបំណងផ្សារភ្ជាប់រវាងទ្រីស្តី និងបទពិសោធជាក់ស្តែង ដែលមានសមាសភាពនិស្សិតចូលរួមប្រមាណ ៧០នាក់។

លោកបណ្ឌិត កែវ ជា តំណាង សាកលវិទ្យាល័យឯកទេស នៃកម្ពុជា លើកឡើងពីប្រវត្តិសាកលវិទ្យាល័យឯកទេស នៃកម្ពុជា មានឈ្មោះដើមថា «វិទ្យាស្ថាន ឯកទេសនៃកម្ពុជា» ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៩១ អនក្រ.បក ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០០២ ហើយបានកែប្រែរចនាសម្ព័ន្ធ ទៅជាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា តាមរយៈអនុក្រឹត្យរាជរដ្ឋាភិបាល លេខ០១អនក្រ.បក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៤។ សាកលវិទ្យាល័យ មាន០២ទីតាំង នៅរាជធានីភ្នំពេញនិងមានសាខាចំនួន៦ ស្ថិតនៅទីរួមខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងទីរួមខេត្តកំពតដែលមានគណៈគ្រប់គ្រង បុគ្គលិក-សាស្រ្តាចារ្យ ចំនួន ១,១៨៦នាក់ (នារី ១៧៧នាក់) បាននឹងកំពុងធ្វើការបណ្តុះបណ្តាលនៅក្នុងមហាវិទ្យាល័យចំនួន៥គឺទី១៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ២៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ ៣៖ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា ៤៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥៖ មហាវិទ្យាល័យវិស្វកម្ម  មានអាគារសិក្សាសរុបចំនួន ៩អគារ បន្ទប់សិក្សាចំនួន ២៤៥ សាលសន្និសីទចំនួន៩ បណ្ណាល័យចំនួន៨ បន្ទប់អនុវត្តភាសាចំនួន៩ បន្ទប់បណ្តុះបណ្តាលព័ត៌មានវិទ្យាចំនួន៩ មានកុំព្យូទ័រ ចំនួន៥៣០គ្រឿង LCD Projectors ចំនួន ២១០គ្រឿង។

សាកលវិទ្យាល័យ មានការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មាននិស្សិតកំពុងសិក្សាសរុបចំនួន ៤០,៤៥៨អង្គ/នាក់ ព្រមទាំងមានជ័យលាភីដែលត្រូវទទួលសញ្ញាបត្របញ្ចប់ការសិក្សាមានចំនួន ៨លើក នៅរាជធានីភ្នំ ពេញក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ១លើក នៅក្រុងបាត់ដំបង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ថ្រីក្រសួងមហាផ្ទៃ ព្រមទាំង១ លើកទៀតនៅក្រុងសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាបកន្លងទៅថ្មីៗនេះ។ បើគិត២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២១-២០២៣ និស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសរុបចំនួន ៥,៣៤៦នាក់ (នារី ១៦,៧៥៨នាក់ ស្មើ ៣៣,២៨% )។

ទន្ទឹមនឹងនេះមាននិស្សិតកំពុងសិក្សាគ្រប់កម្រិត គ្រប់ទីតាំង និងសាខាសរុបចំនួន ១១,៧៤៧ នាក់ (នារី ៥,៧៨៨នាក់ ស្មើ ៤៩.២៧%)  និងបានរួមចំណែកយ៉ាងសកម្មជាមួយសាកលវិទ្យាល័យក្នុងការចូលរួមសកម្មភាពសង្គម តាមរយៈសកម្មភាពយុវជនរបស់ស.ស.យ.កសកម្មភាពយុវជន កាយឫទ្ធិកម្ពុជា និងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា។

ក្នុងបរិបទជំងឺរាតត្បាតកូវីដ១៩ ដែលគ្រឹះស្ថានសិក្សានានាក្នុងសកលលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកដំណើរការសិក្សាដោយផ្ទាល់ និងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា គ្រប់ទីតាំង និងសាខាបានប្រែក្លាយវិបត្តិដ៏ធ្ងន់ធ្ងរនេះឱ្យទៅជាឱកាសនិងកាលានុវត្តភាពសម្រាប់បដិវត្តកម្មនៃការអប់រំឌីជីថល ដោយខិតខំពង្រឹងខ្លួន តាមរយៈការបំពាក់ប្រព័ន្ធ និងធនធានបច្ចេកវិទ្យាព្រមទាំងការពង្រឹងសមត្ថភាពបុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបំពេញការងារបង្រៀនរៀន ស្រាវជ្រាវបានជោគជ័យល្អប្រសើរ។

សាកលវិទ្យាល័យប្តេជ្ញាសម្រេចឱ្យបានជោគ ជ័យជូនសង្គមជាតិ ស្របតាមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយចាត់ទុកធនធានមនុស្សជាអាទិភាពទី១នៃអភិក្រមគោលនយោបាយ អភិឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។ ដើម្បីពង្រឹងជំនាញបណ្តុះគំនិតសហគ្រិន ភាពដល់និស្សិត សាកលវិទ្យាល័យ តែងបានអញ្ជើញអ្នកជំនាញតាមវិស័យការងារដែលមានបទពិសោធន៍ច្រើនមកធ្វើបាឋកថា សន្និសីទ សិក្ខាសាលា ជូនដល់និស្សិតជាប្រចាំ និងក៏បានបញ្ជូននិសិ្សត ចុះកម្មសិក្សាដល់ការដ្ឋានការងារជាក់ស្តែងតាមកម្មវីធីជាក់លាក់។

សាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេស ចំនួន៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៊ីស្រាអែលជាដើម។ សាកលវិទ្យាល័យតែងបានចូលរួមវេទិកា និងសន្និសីទអន្តរជាតិធំៗ ក្នុងវិស័យអប់រំមានជាអាទិ៍សន្និសីទប្រចាំឆ្នាំស្តីពីអ្នកដឹកនាំ អាជីពក្នុង វិស័យអប់រំ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក វេទិកាថ្នាក់ដឹកនាំសាកលវិទ្យាល័យប្រចាំតំបន់អាស៊ី AUPF និងសិក្ខាសាលាស្តីពីការធានាគុណភាព អប់រំរបស់បណ្តាញសាកលវិទ្យាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ជាដើម។ ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើសាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់ ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័ននានាក្នុងស្រុកចំនួន៥៤៣ នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ តាមគម្រោងអភិវឌ្ឍន៍ នៅទីតាំងគោលរាជធានីភ្នំពេញនឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំយូរអង្វែងរបស់ខ្លួនព្រមទាំងការអភិវឌ្ឍផ្សេងៗទៀតលើផ្ទៃដីដែលបានបម្រុងទុកជាង១០ហិតានៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និង២៥ហិតាទៀត ស្ថិតនៅសង្កាត់ឪឡោក ខណ្ឌកំបូលឱ្យបានមុនឆ្នាំ២០២៧ នាខួប២៥ឆ្នាំ រីឯសាខាដទៃទៀតក៏នឹងអភិវឌ្ឍន៍បន្ថែមជាបន្តបន្ទាប់នៅលើផ្ទៃដីដែលបានបម្រុងទុករួចហើយ។  

សមិទ្ធផលជាផ្លែផ្កានិងជោគជ័យទាំងអស់របស់សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា គឺបានមកពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងខ្ពស់ជាប្រចាំរបស់ក្រុមប្រឹក្សាភិបាលគណៈ គ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យទាំងអស់ ក្នុងការកសាងអភិវឌ្ឍន៍ លើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសគឺបានមកពីកត្តាប្រទេសជាតិមានសុខសន្តិភាពនិងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

ដើម្បីធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ បញ្ញាច្នៃប្រឌិតខ្ពស់ និងស្របតាមទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០សាកលវិទ្យាល័យប្ដេជ្ញាពង្រឹង និងពង្រីកការបណ្ដុះបណ្ដាលឯកទេសខាងវិទ្យាសាស្ត្រ  បច្ចេកវិទ្យា នវានុវត្តន៍ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតឆ្លើយតបការវិវត្តន៍ប្រែប្រួលក្នុងដំណាក់កាលនៃបដិវត្តន៍ ឧស្សាហកម្ម៤.០ នៃដំណាក់កាលសេដ្ឋកិច្ចសង្គមឌីជីថល។

បន្ថែមពីនេះគោលនយោបាយចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សម្តេចតេជោ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋនៅ ទូទាំងប្រទេស និងសម្រេចបានការបើកប្រទេសឱ្យមានសកម្មភាព និងការអភិវឌ្ឍលើគ្រប់វិស័យឡើងវិញនិងនៅមានអំណោយជីវិតទំាង៣ដែលសម្តេចតេជោ  និងគណបក្សប្រជាជនកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិយើងគឺទី១៖ ការបញ្ចប់របបវាលពិឃាត, ទី២៖ ការបញ្ចប់សង្គ្រាមស៊ីវិល និងទី៣៖នយោបាយចាក់ស្រោចវ៉ាក់សាំងប្រឆាំងកូវីដ១៩ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយកិត្យានុភាព នៅលើឆាកអន្តរជាតិ។  

បន្ទាប់មមលោក តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើបទបង្ហាញស្តីពីតួនាទី និងភារកិច្ចក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា។
កម្មវិធីទស្សនកិច្ចសិក្សាបានបញ្ចប់នៅវេលា១២: ១៥នាទី ដោយភាតរភាពនិងសេចក្តីសោមនស្សរីករាយក្រៃលែង៕