(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការស្ថាបនាប្រព័ន្ធប្រឡាយ លូបង្ហូរទឹកចូលមក ស្ថានីយបូមទឹកបឹងទំពន់ និងពិនិត្យមើលស្ថានភាព ផ្ទៃទឹកបឹងទំពន់ ពិនិត្យការស្ថាបនាប្រព័ន្ធបង្ហូរទឹកនៅស្ថានីយបូមទឹកលូប្រាំ ស្ថិតក្នុងភូមិ សាស្ត្រខណ្ឌមានជ័យ និងខណ្ឌដង្កោ និងចុះពិនិត្យស្ថាបនាប្រឡាយបារាំង ជាជញ្ជាំងបេតុង ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ពិសេសការពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយ ការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបាននិងកំពុងអនុវត្ត។

លោក ឃួង ស្រេង បានចាត់ទុកថា គម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញ មានចំនួន៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្ត មាន១៣គម្រោង។

ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានណែនាំឲ្យលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឲ្យបានធំទូលាយ និងមិនអនុញ្ញាតឲ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំឲ្យស្ទះផ្លូវទឹក ដែលបង្កឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន ៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន ២៣គម្រោង។ តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន១៣គម្រោង។

លោក សាំ ពិសិដ្ឋ បានបន្តថា ចំពោះគម្រោងទាំង១៣ ជាគម្រោងដែលបាននិងកំពុងអនុវត្តក្នុងតំបន់ងាយរងគ្រោះដោយការលិចលង់ជាងគេ ដែលមានដូចជា តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ, តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពន់ តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែកជាដើម។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ក្នុងចំនួន១៣គម្រោងដែលបាននឹងកំពុងអនុវត្តនេះ ក៏មានគម្រោងពង្រីកស្ថានីយ៍បូមទឹកឲ្យបានធំជាងមុន ដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់ សម្រង់កាយសម្រាម នៅបឹងត្របែក។ សម្រាប់ ១៣គម្រោងនេះ គិតមកដល់ពេលនេះ ការដ្ឋានអនុវត្តសម្រេចបាន៦.៥%ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនភ្នំពេញ ព្រីខាសផ្លេន ដែលទទួលអនុវត្ដការងារបុកស៊ីផាយ និងដាក់លូជ្រុង បានឱ្យដឹងថា មកដល់ពេលនេះ ការងារទាំងមូលសម្រេចបាន១៦ភាគរយហើយ លើការងារស្ដារ បុកស៊ីផាយប្រឡាយ រំដោះទឹក និងដាក់លូជ្រុង នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណង ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះ រាជធានីភ្នំពេញ នឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀង ចេញពីរាជធានីភ្នំពេញផងដែរ៕