(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្ដកណ្ដាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំអភិបាលរង, ប្រធានមន្ទីរកសិកម្មខេត្ដ រួមទាំងអាជ្ញាធរមូលដ្ឋានស្រុក ចុះទៅពិនិត្យមើលស្ថានភាព ជាក់ស្ដែងស្រូវ របស់ប្រជាកសិករ នៅក្នុងស្រុកលើកដែក ខេត្ដកណ្ដាល ដែលបំផ្លាញដោយរុយស ក្នុងនោះមានភូមិចំនួន៤ បានទទួលរងការប៉ះពាល់។

ក្នុងឱកាសចុះពិនិត្យនេះលោក គួច ចំរើន បានប្រាប់ឲ្យប្រធានមន្ទីរកសិកម្មខេត្ដ ត្រូវចុះពិនិត្យ និងជួយអន្ដរាគមន៍ ជូនដល់ប្រជាកសិករ ដែលរងការប៉ះពាល់ស្រូវ ដែលបំផ្លាញដោយរុយស តាមរយៈការបាញ់ថ្នាំធម្មជាតិ ដើម្បីកម្ចាត់។

លោក គួច ចំរើន ក៏បានណែនាំឲ្យមន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហារុយពណ៌ស ដែលបំផ្លាញស្រូវប្រជាពលរដ្ឋនេះផងដែរ។

បើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម, រុយសនេះ មានដងខ្លួនស្រទន់ ដែលគ្របដណ្តប់ដោយស្លាបពណ៌ស ដែលបំផ្លាញដំណាំស្រូវ មានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam ហើយវដ្តជីវិតរបស់រុយស មានរយៈពេល១៧ ទៅ២៤ថ្ងៃ ដែលរុយស១ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។

*ទី១៖ ការបំផ្លាញ

រុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ (សកម្មខ្លាំងនៅពេលព្រឹក) ធ្វើឲ្យស្លឹកប្រែពណ៌ លឿង និងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ (ពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព)។ ប្រសិនបើប្រជាកររុយសច្រើន បំផ្លាញស្រូវស្ថិតក្នុងវគ្គបង្កើតផល (ពិសេសដំណាក់កាលចេញកូរ ចេញផ្កា) នោះនឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន។

*ទី២៖ វិធានការគ្រប់គ្រងនិងកម្ចាត់រុយស

• ចុះពិនិត្យវត្តមានរុយសក្នុងស្រែ យ៉ាងតិច ២-៣ដង ក្នុងមួយសប្តាហ៍
• នៅពេលមានវត្តមានរុយសចន្លោះ ១០-៤០ ក្បាល/គុម្ព ប្រើប្រាស់វិធានការគីមីដោយប្រើថ្នាំកសិកម្ម បាញ់ថ្នាំនៅ ពេលព្រឹកចន្លោះម៉ោង ៦:០០-៩:០០
• សម្អាតស្មៅដែលជាជម្រករុយសទាំងក្នុងនិងបរិវេនស្រែ
• ប្រើអន្ទាក់ស្និតពណ៌លឿង ឬពណ៌បៃតងដោតក្នុងស្រែ
• ក្នុងករណីមានប្រជាកររុយសតិច ប្រើល្បាយទឹកសាប៊ូ ដែលមានសាប៊ូម្សៅចំនួន ៤ស្លាបព្រា លាយប្រេងឆាចំនួន ៨ស្លាបព្រានិងទឹកចំនួន ១០លីត្រ បាញ់នៅពេលព្រឹក ឬល្ងាច
• បាញ់ថ្នាំផ្សំពីរុក្ខជាតិ (ផ្សំស្លឹកទៀប ២គក្រ ស្លឹកប្រេងខ្យល់ ២គក្រ បុកឱ្យម៉ដ្ឋច្របល់ជាមួយទឹក ១០លីត្រ រួចច្រោះ ឱ្យស្អាតហើយបាញ់កន្លែងដែលកើតរុយស)
• ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានបញ្ជីការត្រឹមត្រូវដែលមានសារធាតុ សកម្មដូចជា Imidacloprid, Acetamiprid, Pymetrozine (+ Nitenpyram), Dinotefuran (+ Imidaclorpid), និង Chlorpyrifos methyl៕