Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គួច ចំរើន ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលវឌ្ឍនភាពទីតាំងរៀបចំបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ

11-07-2024 13:24

(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំថ្នាក់ដឹកនាំខេត្ត រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ត្រូវបានធ្វើឡើងចំថ្ងៃខួបចំណើតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។

គួរឱ្យដឹងថា នៅក្នុងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមលក្ខណៈ និងកំណត់ទីតាំងបើកការដ្ឋានរួចរាល់ហើយដែរ។

នាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែ បានណែនាំស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ចូលរួមគ្រប់រូបភាពផ្សេងៗនៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរ ព្រមៗគ្នានៅវេលាម៉ោង ៩ព្រឹក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រ គម្រោងព្រែកជីក ហ្វូណនតេជោ ដោយសម្តេចបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈដើម្បីចូលរួម និងរៀបចំពិធីបញ្ចុះ បឋមសីលាបើកការដ្ឋានព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងអធិកអធមបំផុត៕