(បរទេស)៖ WhatsApp, Facebook Messenger, WeChat, Telegram, LINE និង Viber ត្រូវបានគេស្គាល់ថា ជាកម្មវិធី Chat Messenger ដ៏ពេញនិយមសម្រាប់បណ្តាប្រទេសដែលជាសមាជិកអាស៊ាន ប៉ុន្តែក្នុងនោះគេសង្កេតឃើញថា Zalo គឺទទួលបានការគាំទ្រ និងប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុងប្រទេសវៀតណាម។ តើនេះមកពីមូលហេតុអ្វី?

Zalo ជាកម្មវិធី Chat Messenger មួយដែលបង្កើតដោយក្រុមហ៊ុនវៀតណាម VNG Corporation និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាលើកដំបូង នៅក្នុងអំឡុងខែសីហា ឆ្នាំ២០១២ បន្ទាប់ពីចំណាយពេលអភិវឌ្ឍន៍អស់ ៨ខែ។

ក្រោយពីដាក់ឱ្យប្រើប្រាស់បានប៉ុន្មានឆ្នាំ កម្មវិធីមួយនេះចាប់ផ្ដើមផ្ទុះការគាំទ្រ ដោយសារតែ Zalo បានបំប្លែង និងពង្រីកខ្លួនទៅជាកម្មវិធី Chat មួយដែលពោរពេញទៅដោយសមត្ថភាព ដោយក្នុងនោះអ្នកប្រើប្រាស់នៅវៀតណាមបាននាំគ្នាសម្រុកប្រើ Zalo ក្រោមហេតុផលមួយចំនួនដូចជា វាជាកម្មវិធីដែលបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុក ដូច្នេះទិន្នន័យឯកជនភាពរបស់ពួកគេគឺមានសុវត្ថិភាព, ជាកម្មវិធីមួយដែលងាយស្រួលប្រើ និងងាយស្រួលក្នុងការទំនាក់ទំនងជាមួយមិត្តភ័ក្ត ក្រុមគ្រូសារ និងការងារប្រចាំថ្ងៃ។

យោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ និងវិភាគទិន្នន័យ Statista ដែលចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញឱ្យដឹងថា Zalo ជាកម្មវិធី Chat Messenger ដែលមានអ្នកប្រើច្រើនជាងគេបំផុតនៅក្នុងប្រទេសវៀតណាម ពោលគឺបានជាប់ចំណាត់ថ្នាក់លេខមួយចាប់ពីតាំងពីឆ្នាំ២០១២។

បើតាមការបញ្ជាក់ពីលោក Vuong Quang Khai អនុប្រធានប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម VNG Corporation បានឱ្យដឹងថា បច្ចុប្បន្ននេះ Zalo មានអ្នកប្រើប្រាស់នៅជុំវិញពិភពលោករហូតដល់ជាង ១០០លាននាក់ ដោយគិតជាមធ្យមមានសារជាង ១ពាន់លានត្រូវបានផ្ញើ, មានរូបភាពប្រមាណជាង ៤៥លានរូប និងមានការ Call ប្រមាណជា ៥០លាននាទី ជារៀងរាល់ថ្ងៃនៅជុំវិញពិភពលោក។

សារព័ត៌មាន Hanoi Times បានចេញផ្សាយថា រដ្ឋាភិបាលទីក្រុងហាណូយបានបង្កើតគណនី Zalo តំណាងឱ្យភ្នាក់ងារមួយចំនួន ដើម្បីទទួលដោះស្រាយពាក្យបណ្ដឹងពីប្រជាពលរដ្ឋ និងអាជីវករ។ ជាពិសេសគឺបានយកកម្មវិធី Zalo ជាប្រព័ន្ធព័ត៌មានសំខាន់អាទិភាពទី៤ សម្រាប់រដ្ឋាភិបាលក្នុងការអនុវត្ត «កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ 2025 ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ 2030» របស់រដ្ឋាភិបាលដែលមានគោលបំណងបង្កើតការផ្លាស់ប្តូរជាមូលដ្ឋានក្នុងកំណែទម្រង់រដ្ឋបាល។

គួរបញ្ជាក់ផងដែរថា កម្មវិធី Zalo ក៏ត្រូវបានបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី និងប្រទេសដែលជាសមាជិកអាស៊ានប្រើប្រាស់ផងដែរ ដូចជាសិង្ហាបុរី ចិន ម៉ាឡេស៊ី និងឡាវ ប៉ុន្តែចំនួននៃអ្នកប្រើគឺតិចតូច បើធៀបទៅនឹងកម្មវិធី WhatsApp, Facebook Messenger, WeChat, Telegram។

សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដែលមានបណ្តាញទំនាក់ទំនងសង្គមឆាត ទី១៖ វៀតណាម មាន Zalo ទី២៖ កម្ពុជា មាន CoolApp ចំណែកប្រទេសសមាជិកអាស៊ានដទៃទៀតមិនទាន់មានទេ៕