(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគិ កូជិ (YAMAZAKI Koji) ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) ប្រកាសបន្តកិច្ចសហការប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាមួយមជ្ឈមណ្ឌលបោសសំអាតមីនកម្ពុជា (CMAC) ប្រតិបត្តិការបោសសំអាតមីនសល់ពីសម័យសង្គ្រាម ពីផ្ទៃដីកម្ពុជាផ្តល់នូវសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរ។
នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគិ កូជិ បានប្រកាសបែបនេះក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។
នៅចំពោះមុខសម្តេចធិបតី, នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគិ កូជិ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយទៅដល់ប្រជាជន ដែលបានរងគ្រោះពីគ្រាប់មីន និងសកម្មភាពផ្សេងៗ។
នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគិ កូជិ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរលើសកម្មភាពជាច្រើន ដូចជាសកម្មភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសម្រេចបានលើផ្ទៃដីសរុបជាង ៦,០០០ហិកតា និងការរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២០,០០០គ្រាប់។
នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគិ កូជិ ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង CMAC របស់កម្ពុជាដែលបានខិតខំបំពេញការងារក្នុងការសហការជាមួយ JMAS ប្រកបដោយជំនាញវិជ្ជាជីវៈ ការទទួលខុសត្រូវនិងវិន័យខ្ពស់។ ក្រៅពីសកម្មភាពបោសសម្អាតមីន JMAS ក៏បានចូលរួមចំណែកក្នុងសកម្មភាព ផ្សេងៗមួយចំនួនទៀត ដូចជាការជួយដល់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្ម និងអប់រំ តាមរយៈការផ្តល់បច្ចេកទេស ដើម្បីបង្កើនទិន្នផល, ការបង្កើនប្រាក់ចំណូលដល់កសិករ, ការចូលរួមបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃមីន និងការជម្លៀសខ្លួនចេញពីតំបន់ ដែលមានគ្រាប់មីន, និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនសម្រាប់សហគមន៍ជនបទ ដូចជាសាលារៀននៅតាមបណ្ដាខេត្តមួយចំនួន។ ព្រមជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង CMAC បន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែកការបោសសម្អាតមីននៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតដល់ពេលបច្ចុប្បន្ន និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពរបស់ JMAS ជាមួយនឹង CMAC លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកិច្ចការនេះបានរួមចំណែកក្នុងការជួយទៅដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាម ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងផែរថា ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពបោះសម្អាតមីន។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ១៩៩២មក ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣,០០០គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីនជាង ១,៧០០ គីឡូម៉ែត្រការ៉េបន្ថែមទៀត។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យ JMAS បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា ដូចជា CMAC និងអង្គភាពពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការបោះសម្អាតមីនលើផ្ទៃដីដែលនៅសេសសល់។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការបោសសម្អាតមីនជាមួយភាគីជប៉ុន ទាំងក្នុងកិច្ចសហប្រតិបត្តិការនៅកម្ពុជា និងការចូលរួមសកម្មភាពមនុស្សធម៌បោសសម្អាតមីននៅតាមប្រទេសផ្សេងៗ៕